ព័ត៌មានជាតិ

តុលាការ ដាក់គុកស្ត្រីចិន ដែលបើកឡានដេញបុក ចោរឆក់ទូរសព្ទ២នាក់ រងរបួសនិងស្លាប់ នៅខណ្ឌចំការមន

ភ្នំពេញ: យោងតាមសមត្ថកិច្ចខណ្ឌចម្ការមន បានឲ្យដឹងថា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យដាក់ពន្ធនាគារ ជាបណ្តោះអាសន្នសិន រង់ចាំបន្តនីតិវិធីនាពេលក្រោយ។

ប្រភពបានបន្ថែមថា កញ្ញា វ៉ា សក្កដា ដែលជាតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់លើ ឈ្មោះ YUAN TANG (ថាង យៀន) ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ អាជីវករ ស្នាក់នៅផ្ទះជួលគ្មាន លេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, បទហិង្សាមានស្ថានទម្ងន់ទោស ដោយសារមរណ:ភាពនៃជនរងគ្រោះ និងបទ បើកបរដោយគ្មានលិខិតអនុញ្ញាត។

គួររំលឹកថា កាលណីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យបាន បើករថយន្តម៉ាក រថយន្ត ម៉ាក LEXUS RX-300 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9745 បុកម៉ូតូ ជនរងគ្រោះ ម៉ាក SCOOPY ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-7241 នៅចំណុចផ្លូវលេខ៤៥៤ កែងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បណ្តាលឲ្យជនសង្ស័យ និងជាជនរងគ្រោះផងទី១ឈ្មោះ សារុន ពិសិដ្ឋ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះ លេខ២៥០ ផ្លូវលេខ ៤៦០ ក្រុម ២២ ភូមិ ៤ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន (រងរបួសធ្ងន់) និងទី២ឈ្មោះ បេ សុភាដេវីត ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ ៣២A ផ្លូវលេខ ២៨០ ក្រុម ៤៣ ភូមិ ៥ សង្កាត់ បឹង កេងកង ២ ខណ្ឌចម្ការមន (ស្លាប់ពេលបញ្ជូនដល់មន្ទីរទេព្យ)៕

មតិយោបល់