ព័ត៌មានជាតិ

ប៉ូលិសស្រុកស្អាង ឃាត់ខ្លួនបុរសម្នាក់ តាមបណ្តឹងរបស់ជនរងគ្រោះ ដែលឆបោករថយន្ត២គ្រឿង និងប្រាក់ជាង៦ពាន់ដុល្លារ

កណ្តាល: ប៉ូលិសស្រុកស្អាង ឃាត់ខ្លួនបុរសម្នាក់ តាមបណ្តឹងរបស់ជនរងគ្រោះ ដែលឆបោករថយន្ត២គ្រឿង និងប្រាក់ជាង៦ពាន់ដុល្លារ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ សេង ប៊ុនសិញ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ចំណែកជនសង្ស័យឈ្មោះ ឃិន វឌ្ឍនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ សម្ភារះបាត់បង់រួមមាន៖ រថយន្ដចំនួន ០២គ្រឿង(ម៉ាកLEXUS RX300 ចំនួន១គ្រឿង ស្លាកលេខ ភ្នំពេញ 2AU-7052 ,ម៉ាកHIYUNDAI MIGTHIY ស្លាកលេខ ភ្នំពេញ 3B-9486) និងប្រាក់ដុល្លារចំនួន ៦៦៣០ដុល្លារ។

មុនពេលកើតហេតុ ឈ្មោះ ឃុន វឌ្ឍនា បានធ្វើកិច្ចសន្យាទិញលក់រថយន្ត១គ្រឿងម៉ាក COROLA ស៊េរីឆ្នាំ1994 ក្នុងតម្លៃ ៣៩០០ដុល្លារ ដោយសន្យាប្រគល់លុយនៅម៉ោង២រសៀល ថ្ងៃខែដដែលឲ្យជនរងគ្រោះ។ លុះដល់ម៉ោងកំណត់ជនរងគ្រោះមកយកលុយមិនបាន ហើយជនរងគ្រោះក៏សួរទៅជនសង្ស័យពីរថយន្តចំនួន២គ្រឿង ដែលជនសង្សយ័បានជួលពីជនរងគ្រោះ រយ:ពេល២ខែកន្លងមកនោះនៅឯណា ? ជនសង្ស័យបានឆ្លើយថា៖ រថយន្តទាំង២គ្រឿងនោះ ខ្លួនបានយក ទៅដាក់បញ្ចាំនៅនឹងឈ្មោះ ផល វិចិត្រ ភេទប្រុស អាយុជាង ៣០ឆ្នាំ លក់សាំងនៅគល់ស្ពានព្រែកសំរោងតាខ្មៅ ត្រើយខាងកើត ក្នុងតម្លៃ ១៥០០០ដុល្លារ។ ទន្ទឹមនោះជនសង្ស័យបានចងការប្រាក់ពីជនរងគ្រោះចំនួនសរុប ២៧៣០ដុល្លារ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បន្ថែមទៀត ថាយកទៅទិញប្រេង។

បន្ទាប់មកជនរងគ្រោះបានមកប្ដឹងសមត្ថកិច្ចនគរបាលស្រុកស្អាង ហើយក្រោយទទួលបណ្ដឹងកម្លាំងសមត្ថកិច្ចបានហៅឈ្មោះ ឃិន វឌ្ឍនា មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្អាង លុះនៅវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល អនុញ្ញាតឲ្យឃាត់ខ្លួនឈ្មោះឃិន វឌ្ឍនា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់តែម្តង៕

មតិយោបល់