Post News Media ព័ត៌មានជាតិ ឲ្យក្មេងអាយុ១...

ឲ្យក្មេងអាយុ១៤ឆ្នាំជិះម៉ូតូឌុបជីដូននិងប្អូន វ៉ាជែងរថយន្តខាងមុខជ្រុលឡើងសួនទ្រូងផ្លូវដួលបោកស្លាប់ជីដូន ចំណែកចៅ២នាក់រងរបួសធ្ងន់

ភ្នំពេញ: ស្ត្រីចំណាស់ម្នាក់ស្លាប់ ចំណែកចៅប្រុស ស្រី២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីអ្នកទាំង៣ជិះម៉ូតូមួយគ្រឿង បើកក្នុងល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកឡើងសួនទ្រូងផ្លូវ ដួលបោកតែម្តង កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះ ស្លាប់មានឈ្មោះ មូ ថេង ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិមេសព្រះច័ន្ទ ឃុំមេសព្រះច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង ។ ចំណែកចៅ២នាក់រងរបួសធ្ងន់ ១ ឈ្មោះ ខេមរា ជីវ័ន្ត ភេទប្រុស អាយុ១៤ឆ្នាំ និងទី២ ឈ្មោះ ខេមរា លក្ខិណាពេជ្រ ភេទស្រី អាយុ៧ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-4694 ដោយចៅប្រុសឈ្មោះ ខេមរា ជីវ័ន្ត ជាអ្នកបើកបរ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ៣នាក់ជីដូននិងចៅ ជិះម៉ូតូស្កុបពី ចៅប្រុសជាអ្នកបើកបរ បើកក្នុងល្បឿនលឿនពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខពីខាងឆ្វេងដៃ តែដោយសារកង្វះការប្រុងប្រយ័ត្ន ម៉ូតូរេចង្កូតបុកឡើងសួនទ្រូងផ្លូវ បណ្តាលឲ្យដួលបោក ស្លាប់ជីដូនចំណែកចៅប្រុស-ស្រីទាំង២នាក់រងរបួសជើងធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់បងប្អូនត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផា។ ចំណែកសាកសពជីដូន ក្រោយសមត្ថកិច្ចជំនាញពិនិត្យស្លាកស្នាមរួច ទំនាក់ទំនងទៅក្រុមគ្រួសារ មកដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកពារាំង។ ដោយឡែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក នៅផ្នែកជំនាញ ជាបណ្តោះអាសន្ន ៕

Loading...