ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូលឿន ទៅបុករថយន្តធន់ធំពីក្រោយ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ

ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ បុករថយន្តធន់ធំមិនចាំម៉ាកពីក្រោយ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យភាគីខាងម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។ សពមានឈ្មោះ ទិត្យ សុលីម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ រស់នៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ តៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណបើករថយន្តគេចបាត់ពីកន្លែងកើតហេតុ ។ ជនរងគ្រោះ(សព)ជិះម៉ូតូម៉ាក HONDA Dream C125 ស៊េរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-1140ជិះតែម្នាក់ឯង។

តាមសម្តីប្រជាពលរដ្ឋ ម្នាក់ឃើញហេតុការណ៍បានប្រាប់ថាមុន ពេលកើតហេតុរូបគាត់បានចេញមកបត់ជើងតូចរួចក៏ឃើញបុរសម្នាក់ជិះម៉ូតូយ៉ាងតាមបណ្តោយផ្លូវ៣០ម៉ែត្រទិសដៅ ពីកើត ទៅលិច ទៅបុករថយន្តពីក្រោយឭសំឡេងបុកប្រាវពេលឭដូច្នេះគាត់ក៏រត់មកមើលស្រាប់តែឃើញរថយន្ត ធន់ធំបើកចេញយ៉ាងលឿន ពីកើត ទៅលិច ចំណែក ម្ចាស់ម៉ូតូបោកក្បាលទៅហ្នឹងថ្នល់ បែកក្បាល បាក់ធ្មេញ ស្លាប់ភ្លាមៗ គួរឲ្យរន្ធត់ណាស់ រួចរូបគាត់ក៏ប្រញាប់រាយការណ៍ជូនប្រជាការពារ មូលដ្ឋានឲ្យ មកអន្តរាគមន៍តែម្តង ។

ក្រោយមកក៏មានអ្នកស្គាល់តេហៅសាច់ញាតិមកយកសាកសពលើកដាក់កង់បីដឹកយកទៅផ្ទះខាងលើដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់