ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ

ត្បូងឃ្មុំ: នគរបាលជាតិជោគជ័យក្នុងការបង្ក្រាបករណីលួចម៉ូតូ១ គ្រឿង ដោយពលរដ្ឋហ៊ានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាគមន៍តាមចាប់ជនសង្ស័យផ្តន្ទាទោសតាមច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ឆុន ថាន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពីបទចោរកម្ម (លួចម៉ូតូ) បាត់ម៉ូតូ១ គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៨ ដែលចោរបានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះយកម៉ូតូនោះគេចខ្លួនដោយសុវត្ថិភាព ក្នុងចន្លោះវេលាម៉ោងប្រហែល ១ និង ៣០ នាទីយប់ ខណ:ពេលដែលកំពុងដេកលង់លក់ ។

ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពាន់ ក៏សហការជាមួយកម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះធ្វើការស្រាវជ្រាវរហូតដល់ ១២ និង ៣០ នាទី នាថ្ងៃខែឆ្នាំដដែល រកឃើញមុខសញ្ញាសង្ស័យម្នាក់ មានឈ្មោះ ឆេង វិត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយជនរងគ្រោះ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរចម្លើយ ។

បច្ចុប្បន្នឈ្មោះ ឆេង វិត ភេទប្រុស ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ពាក្យបណ្តឹងរបស់ជនរងគ្រោះ និងសាក្សីឃើញហេតុនោះផងដែរ ៕

មតិយោបល់