ព័ត៌មានជាតិ

តុលាការសៀមរាប សម្រេច ដាក់គុក ប្រពន្ធប៉ូលិស ដែលចាក់សម្លាប់ប្តីខ្លួនឯង ជាបណ្តោះអាសន្ន

សៀមរាប: បើយោងតាមការបញ្ជាក់តាម Telegram របស់លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា ស្ត្រីដែលចាក់សម្លាប់ប្តីខ្លួនឯង ដែលមន្ត្រីនគរបាល ត្រូវបានលោក ស៊ិន សុវណ្ណរ័ត្ន ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ។

លោកព្រះរាជអាជ្ញារង រៀម ចន្ទម្នី អ្នកនាំពាក្យ នៃអយ្យការអម សាលាដំបូងខេត្តសៀមរាប បានឲ្យដឹងតាម Telegram នៅរសៀលនេះថា លោក កើត វណ្ណារ៉េត ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ សុខ លីនី ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ អ្នកសម្អាងការនៅផ្សារជ្រាវ រស់នៅភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពីបទ ឃាតកម្ម លើជនរងគ្រោះជាប្តី ឈ្មោះ ហ៊ឹ ម វណ្ណារ៉ូ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ គោកចក យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ស្ត្រីត្រូវចោទជាប្រពន្ធ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ដោយជាប់សង្ស័យថា បានប្រព្រឹត្តអំពើឃាតកម្ម ចាក់សម្លាប់ប្តីខ្លួនឯង ជាច្រើនកាំបិត ស្លាប់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨កន្លងទៅ នៅតាមបណ្តោយផ្លូវគ្រួសក្រហម ក្នុងក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕

មតិយោបល់