ព័ត៌មានជាតិ

ជិះម៉ូតូលួចគេមិនទាន់បាត់ក្ដៅផង ត្រូវសមត្ថកិច្ចស្ទាក់ជាប់ មានអីចូលដេកប៉ុស្តិ៍សម្រេច..

ព្រះសីហនុ: កាលពីវេលាម៉ោង ៧ យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ នៅចំណុចមុខមន្ទីពេទ្យ ៨៨៨ ( ចាស់ ) ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូ ០១គ្រឿង ម៉ាក វេវ អេស ស៊េរីចាស់ គ្មានស្លាកលេខ របស់ជនរងគ្រោះ ខណ:ដែលជនរងគ្រោះចតម៉ូតូ ទុកចោលនៅមុខមន្ទីពេទ្យ ៨៨៨ ( ចាស់ ) ហើយចូលទៅទិញថ្នាំនៅក្បែរនោះ ។

ក្រោយទទួលបានដំណឹងនេះភ្លាមៗ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានដាក់កម្លាំងស្ទាក់ចាប់ បានជនសង្ស័យក្នុងពេលកំពុងជិះម៉ូតូដែលលួចបាននោះ នៅជិតរង្វង់មូលតោ២ ហើយឈានដល់ការឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀត។

ជនរងគ្រោះ ឈ្មោះ យិន យ៉ាត់ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ រត់រ៉ឺម៉ក មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែកជនសង្ស័យ៖ ទី១-ឈ្មោះ ហឺម ចាន់រ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ) និងទី២-ឈ្មោះ ម៉ៅ ប៊ុនថា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនបិតប្រាកដ ( បក្ខពួកសមគំនិត ) ។

វត្ថុតាងដកហូតបាន រួមមាន៖
– ម៉ូតូ ០១គ្រឿង ម៉ាក វេវ អេស ស៊េរីចាស់ គ្មានស្លាកលេខ ( ផលនៃអំពើលួច )
– ម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ក្រហម-ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន ( ផលនៃអំពើលួច ) ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់