ព័ត៌មានជាតិ

តុលាការសម្រេច ដាក់គុក ថៅកែ​កាប់ជ្រូក និងកូនចៅ ដែលស្រវឹងបុកបង្គោលភ្លើងរដ្ឋ និងគំរាម សម្លាប់តៃកុងរថយន្តស្ទួច ជាបណ្តោះអាសន្ន

​ភ្នំពេញ:​​​ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនបុរសរកស៊ីកាប់ជ្រូកម្នាក់ នៅក្នុងពន្ធនាគារព្រៃស ពីបទប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីគំរាមកំហែងសម្លាប់ និងប្រើរថយន្តលេខរាជការដោយខុសច្បាប់។

លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ បានចោទប្រកាន់បុរសចិនកាប់ជ្រូកឈ្មោះ គ្រី ដារិន ហៅអាពៅ អាយុ៣៨ឆ្នាំ ពីបទគំរាមកំហែងថានឹងសម្លាប់ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនិងបទប្រើប្រាស់ដោយគ្មានការសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ យោងតាមមាត្រា២៣៤ មាត្រា៤៩០ និងមាត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ។

កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញេ បានសម្រេចចោទប្រកាន់បុរសកាប់ជ្រូក ដែលអាងអំណាចមាសប្រាក់ ភ្ជង់កាំភ្លើងមិនឲ្យរថយន្តទំនើបរបស់ខ្លួន ទៅការិយាល័យនគរបាលចរាចរណ៍។

យោងតាមមាត្រា២៣៤ចែងថា​​​ ​​​«ការគំរាមកំហែងថានឹងសម្លាប់ក្រោមទម្រង់ណាក៏ដោយ ប្រសិនបើការគំរាមកំហែងនេះ ត្រូវបានធ្វើឡើងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ៦លានរៀល»។

ចំណែកមាត្រា៤៩០ចែងថា «គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លាន ទៅ៦លានរៀល»។

ចំណែកជនបង្កឈ្មោះ ស្រ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកកាប់ជ្រូក ត្រូវបានចោទពីបទសមគំនិតក្នុងអំពើគំរាមកំហែងថានឹងសម្លាប់ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ យោងតាមមាត្រា២៩ និងមាត្រា២៣៤ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួន ជនត្រូវចោទទាំង ២នាក់ខាងលើ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅខណ្ឌឬស្សីកែវ បន្ទាប់ពីក្រុមជនត្រូវចោទ បានបើករថយន្ត ម៉ាក Lexus 570 ព័ណ៌ស ពាក់ស្លាកលេខ រដ្ឋ 07 2-8989 បុកបង្គោលភ្លើងបំភ្លឺផ្លូវរបស់រដ្ឋ កាលពីយប់ថ្ងៃទី ១៤ ខែសីហា ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវជាតិ ៥។

ក្រោយកើតហេតុសមត្ថកិច្ច បានស្ទួចយករថយួន្តបង្ក ទៅស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែក្រុ​មជនត្រូវចោទ បានប្រើប្រាស់ អាវុធខ្លី គំរាម តៃកុងរថយន្តស្ទួច ឲ្យយករថយន្តរបស់ពួកគេ ទៅដាក់លាក់ទុកនៅ ក្នុងផ្ទះមួយ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដោយល្មើសនឹងបទបញ្ជារបស់នគរបាល៕

មតិយោបល់