ព័ត៌មានជាតិ

មេប៉ុស្តិ៍កាកាប១ ខ្លាចជនរងគ្រោះ ករណីឆក់ទៅប្តឹង

ភ្នំពេញ: ដោយសារសកម្មភាព បទល្មើស ឆក់ ញឹកញាប់ពេកនៅតាមផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះពោធិ៍ចិនតុង ចាប់ពីមុខផ្សារស៊ិនជូរី រហូតដល់ ស្តុបព្រលានថ្មី ក្នុងទឹកដីភូមិសាស្រ្ត ប៉ុស្តិ៍កាកាប១ និងកាកាប២ ក្រុមចោរធ្វើសកម្មភាពឆក់ជាហូរហែ ស្ទើររាល់ថ្ងៃ ជួនមួយថ្ងៃកើតមាន២ដង ទៅ៣ដង ធ្វើឲ្យមេប៉ុស្តិ៍ទាំង២ ឈឺក្បាលវិលមុខ ជនរងគ្រោះទៅប្តឹងជាហូរហែ រហូតដល់ប៉ូលិសប៉ុស្តិ៍ខ្លាច ជនរងគ្រោះ ទៅប្តឹង ឈានដល់រុញដាក់គ្នា ដើម្បីឲ្យជនរងគ្រោះទៅប្តឹង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមួយសប្តាហ៍នេះ ករណីឆក់មិនក្រោម១០លើកឡើយ ហើយសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ (១៨-១៩) ខែសីហានេះ កើតមានករណីឆក់៣លើកហើយ ។ ពលរដ្ឋបន្តទៀតថា សម្រាប់ថ្ងៃទី១៩ ខែសីហា នេះ វេលាម៉ោង៧និង៤០នាទីព្រឹក គ្រាន់តែបើកភ្នែកឡើង ក្រុមចោរឆក់ បានធ្វើសកម្មភាពឆក់ កាបូប ពីស្ត្រីម្នាក់ មុខផ្សារស៊ិនជូរី លើផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ តែជនរងគ្រោះ ជួបសំណាងល្អ ចោរឆក់មិនបានសម្រេច ភ័យស្លេកមុខ ។

ពលរដ្ឋបានលើកឡើងថា កម្លាំងប៉ុស្តិ៍កាកាប១ និងកាកាប២ មកដល់ពេលនេះ មិនទាន់បង្ក្រាបចាប់ ក្រុមចោរឆក់បានម្នាក់នៅឡើយទេ ហើយជនសង្ស័យដែលចាប់បានកន្លងមក ក៏ដោយសារ កម្លាំងកងអន្តរាគមន៍ កម្លាំងព្រហ្មទណ្ឌ ខណ្ឌវិញទេជាអ្នកចាប់ឲ្យ ។

ប្រជាពលរដ្ឋ មហាជន បានរឹះគន់ធ្ងន់ៗទៅលើលោក ប៉ាល់ យុត្ថា នាយប៉ុស្តិ៍កាកាប១ គ្មានលទ្ធភាព ផែនការ ការងារ ទប់ស្កាត់ ឬបង្ក្រាប បទល្មើសនេះឡើយ ទើបធ្វើឲ្យជនសង្ស័យ ក្រុមឆក់ បានដៃ ដើរធ្វើសកម្មភាព ស្ទើររាល់ថ្ងៃទៅហើយ រហូតដល់ ចោរឆក់ នៅមុខ កម្លាំងនគរបាលប៉ុស្តិ៍ហើយ តែគ្មានលទ្ធភាពប្រដេញតាមចាប់ ៕

មតិយោបល់