ព័ត៌មានជាតិ

ខណ្ឌសែនសុខ! អាជីវករលក់សាច់ជ្រូកម្នាក់ ត្រូវក្រុមចោរប្រដាប់អាវុធប្លន់យកម៉ូតូបានសម្រេច

ភ្នំពេញ: នារីជាអាជីវករលក់សាច់ជ្រូកម្នាក់ ត្រូវក្រុមចោរប្រដាប់អាវុធប្លន់យកម៉ូតូបានសម្រេច ខណ:ពេលជិះម៉ូតូទៅទិញសាច់ជ្រូក។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចខាងកើតសាលាមុំប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស៊ី ណាត់ អាយុ២៥ឆ្នាំ ជាអាជីវករលក់សាច់ជ្រូក ស្នាក់នៅក្នុងបូរីមហាសែនសុខ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថានៅ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបភី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CC-5026 ។ ទើបតែជិះចេញពីផ្ទះនៅបុរីមហាសែនសុខបំរុងជិះទៅទិញសាច់នៅផ្សារដីហុយដើម្បីយកមកលក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីលិចទៅកើត ។ ខណ:ពេលជិះមកតាមផ្លូវក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿង១គ្រឿងម៉ាក ស៊ុយសាគីនិច មួយគ្រឿងទៀតម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ដែលប្រដាប់ទៅដោយដាវសាំមូរ៉ៃ ជិះដេញតាមពីក្រោយជនរងគ្រោះ។ លុះមកដល់ចំណុចកើតហេតុដែលមានភ្លើងភ្លឺៗនៅខាងមុខផ្ទះប្រជាពលរដ្ឋ ហើយដោយជនរងគ្រោះដឹកខ្លួនថាមានក្រុមជនសង្ស័យកំពុងជិះដេញតាមពីក្រោយ ពេលនោះជនរងគ្រោះក៏ឈប់ម៉ូតូព្រោះគិតថាមានមនុស្សច្រើនក្រែងអាចពឹងពាក់បាន។ តែបែរជាគ្មានមនុស្សនៅទៅវិញ រួចក្រុមជនសង្ស័យក៏បានជិះមកគាក់ម៉ូតូរបស់ជនរងគ្រោះ ហើយដោយជនរងគ្រោះភ័យខ្លាំងពេកក៏ចុះពីលើម៉ូតូតាមសម្រួល ហើយក្រុមជនសង្ស័យក៏ឡើងជិះម៉ូតូរត់គេចខ្លួនបាត់សម្រោល ហើយនៅក្នុងកែបម៉ូតូរបស់ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យប្លន់យកនោះមាន ទូរសព្ទដៃចំនួន២គ្រឿង លុយ២០០ដុល្លារ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះបានទាក់ទងហៅប្តីឲ្យមកដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូរបស់ខ្លួនយកត្រឡប់មកវិញ៕

មតិយោបល់