ព័ត៌មានជាតិ

កប់! រថយន្តស៊េរីទំនើប BMW ទើបនឹងទិញមិនទាន់មានស្លាកលេខផង ពន្លះបង្គោលភ្លើងថ្មខ្ទេចទៅមុខលែងរួច

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើប BMW 528 I មួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើមនៅ តាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្រុមហ៊ុន KANSIA PAINT តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី កែងនិងផ្លូវ១០៩ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW 528 I ពណ៌ស គ្មានស្លាកលេខ បើកបរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ីទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹងបណ្តាលឲ្យបង្គោលភ្លើងរងការខូចខាតតិចតួច។ ចំណែករថយន្តខ្ទេចមួយកំណាត់មុខទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានឡើងជិះរថយន្តមិត្តភក្តិមួយគ្រឿងទៀតចេញពីកន្លែងកើតហេតុបាត់។ ចំណែករថយន្តបង្ក សម្ថកិច្ចជំនាញធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

មតិយោបល់