Post News Media ព័ត៌មានជាតិ រថយន្តហាយឡាក់...

រថយន្តហាយឡាក់រីវ៉ូ ស៊េរីទំនើបមួយគ្រឿង ស្លាកលេខភ្នំពេញ 2AG-7252 ពន្លះរថយន្តឡិចស៊ីសនិងម៉ូតូមួយគ្រឿងទៀត ខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ បើករថយន្តហាយឡាក់រីវ៉ូស៊េរីទំនើបមួយគ្រឿង បុករះរថយន្តឡិចស៊ីសមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ បណ្តាលឲ្យមានអ្នករងរបួសម្នាក់ផងដែរ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ មុខសាលមហោស្រពចតុមុខ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់បើករថយន្តម៉ាកហាយឡាក់រីវ៉ូ ពណ៌ស ស៊េរីទំនើប មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-7252 បើកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចហោះស្រាប់តែវ៉ារថយន្តក៏ជ្រុលចង្កូតមកបុករថយន្តឡិចស៊ីស RX-300 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-5788 បើកបញ្រ្ចាស់ទិសដៅជាមួយរថយន្តបង្កបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នឹងដាច់កង់ចេញមកក្រៅហើយក៏រេទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងទៀតបណ្តាលឲ្យរងរបួសម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងហើយនឹងយករថយន្តទាំង២គ្រឿងនឹងម៉ូតូមួយគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

Loading...