ព័ត៌មានជាតិ

វ៉ាក់អើជាមួយម៉ូតូបញ្ច្រាសទិស ជាន់ហ្វ្រាំងបោកដួលម្នាក់ឯងរងរបួសធ្ងន់!

ភ្នំពេញ: ស្រ្តីជាកម្មការនីរោងចក្រម្នាក់ រងរបួសជើងឆ្វេង បែកក្បាលពីក្រោយ ធ្ងន់សន្លប់ស្តូកកណ្តាលផ្លូវជាតិ ខណ:ដែលកំពុងជិះម៉ូតូទៅធ្វើការ បត់ឆ្លងផ្លូវហើយតែវ៉ាក់អើជាមួយម៉ូតូបញ្ច្រាសទិស ជាន់ហ្វ្រាំងបោកដួលតែម្នាក់ឯង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ស្រ្តីរងគ្រោះ ឈ្មោះ រិន ដានី អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រពាំងត្របែក ឃុំរ៉ុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០០៨ ឡើងតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-7232 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ឆ្លងផ្លូវ ដើម្បីចូលរោងចក្រ ហើយខណ:ដែលកំពុងឆ្លងផ្លូវស្រាប់តែវ៉ាក់អើជាមួយម៉ូតូបញ្ច្រាសទិស ធ្វើឲ្យជនរងគ្រោះ ជាន់ហ្វ្រាំង ទើបបោកដួលតែម្នាក់ឯង កណ្តាលផ្លូវជាតិ រងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ជូនជនរងគ្រោះវិញពេលក្រោយ ៕

មតិយោបល់