ព័ត៌មានជាតិ

បុរសម្នាក់ ដើរឆ្លុះសត្វពេលយប់ ត្រូវពស់ចឹកស្លាប់យ៉ាងអាណោចអាធ័ម

សៀមរាប: កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវសត្វពស់ចឹក បណ្តាលឲ្យស្លាប់ នៅក្នុងភូមិព្រលិត ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

សពជនរងគ្រោះមានឈ្មោះ កុយ រិត ភេទប្រុស អាយុ៣៨ឆ្នាំ​ មុខរបរធ្វើស្រែ ស្នាក់នៅភូមិខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចបានពិនិត្យទៅលើសព រកឃើញស្នាមពស់ចឹកចំសៀតផ្កាខាងស្តាំ ស្នាមចង្កូម មានរន្ធ៣តូច ស្លាប់នៅក្នុងទឹកស្រែខាងលិចស្ទឹងតានី ព្រំប្រប្រទល់ឃុំល្វា និងនៅខាងលិចផ្ទះជនរងគ្រោះ ចម្ងាយប្រហែល២០០ម៉ែត្រ ដោយសាកសពត្រូវបានអ្នកជិតខាងប្រទះឃើញដួលក្នុងទឹក និងប្រាប់ក្រុមគ្រួសារមកលើកយកសពមកផ្ទះ។

ចំណែកមូលហេតុ កើតឡើងដោយសារ ដើររកឆ្លុះសត្វពេលយប់ ដោយចំពាមកៅស៊ូ និងបានលលក១ក្បាល និងកង្កែប១ក្បាល។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់