ព័ត៌មានជាតិ

​ផឹកស្រវឹង! ខឹងទារលុយប្អូន៥ម៉ឺន ប្អូនឲ្យ១ម៉ឺន វាយកម្ទេចអីវ៉ាន់លក់ដូរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ នៅចំណុចផ្ទះឈ្មោះសេង អុល ស្ថិតក្នុងភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះសេង អុល ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរកសិករ (ត្រូវជាឪពុក) មានទីលំនៅ​ភូមិ ឃុំកើតហេតុខាងលើ។ ជនសង្ស័យឈ្មោះ អុល វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកត្រី មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ​(ត្រូវជាកូនបង្កើតជនរងគ្រោះ)។

ការបាត់បង់និងខូចខាតរួមមាន បែកកញ្ចក់ទូចំនួន១ បែកទូលក់ល្ហុងបុកចំនួន១និងបាក់បែកតូបអ្នកតាម្ចាស់ដីចំនួន១។
​វត្ថុតាងចាប់យក: បំណែកដុំឥដ្ឋប្រហោងមួយចំនួន។

នៅមុនពេលកើតហេតុ ​ជនសង្ស័យ​​មានសភាពស្រវឹងស្រា ហើយមកដល់ផ្ទះឪពុកបានជួបប្អូនស្រីឈ្មោះសេង គីមអ៊ី ក៏ទាមទារលុយចំនួន៥ម៉ឺនរៀល ជាថ្លៃទូ​សម្រាប់លក់ល្ហុងបុក ពេលនោះឈ្មោះសេង គីមអ៊ី ឲ្យ១ម៉ឺនរៀលសិន តែឈ្មោះ អុល វុទ្ធី មិនព្រមទទួល ហើយភ្លាមនោះឈ្មោះអុល វុទ្ធី ច្រឡោតខឹង ក៏លើកទូ​ល្ហុងបុកបោកបំបែកចោល រួចយកដុំឥដ្ឋគុបចូលក្នុងផ្ទះឪពុកឈ្មោះសេង អុល បណ្ដាលឲ្យបែកកញ្ចក់ទូ​និងបាក់បែកតូបអ្នកតាម្ចាស់ដីបន្ថែមទៀត ។

ពេលទទួលបានព័ត៍មាននេះ ភ្លាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំបិល សហការ ជាមួយប្រជាការពារ បានអន្ដរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះអុល វុទ្ធីមកប៉ុស្ដិ៍រដ្ឋបាល សាកសួរ។

បញ្ជាក់ ​ឈ្មោះអុល វុទ្ធី តែងតែប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារ និងគំរាមឪពុកម្ដាយបង្កើតនៅក្នុងខែកក្កដា មក។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវីធី៕

មតិយោបល់