ព័ត៌មានជាតិ

រថយន្តកាមរីឆ្លាម បើកវ៉ាជែង ជ្រុលទៅបុកម៉ូតូអែវលែក របួសធ្ងន់ស្រាល២នាក់

កណ្តាល: កាលពីវេលាម៉ោង៤និង២៧នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តតូចនិងម៉ូតូ បណ្តាលមនុស្ស២នាក់ របួសធ្ងន់និងស្រាល នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកប៉ិច ពាក់ផ្លាកលេខ ភ្នំពេញ 2D-8132 បើកបរក្នុងទិសដៅពីកើតទៅលិច (អ្នកបើកបររត់គេចខ្លួន) លុះពេលបើកបរមកដល់ចំណុចផ្លូវកោងកន្លែងកើតហេតុកើតហេតុ បានឡើងវ៉ាជែង រថយន្ត០១គ្រឿងដែលកំពុងបើកបរស្របទិសនៅខាងមុខ ហើយក៏បានជ្រុលចង្កូតទៅចូលក្នុងចំណែកផ្លូវនៃយានផ្ទុយទិសម្ខាងទៀតក៏បុកជាមួយម៉ូតូមួយគ្រឿង ដែលកំពុងបើកបរច្រាស់ទិសគ្នា (ពីលិចទៅកើត) បណ្តាលឲ្យអ្នកបើកបរ ម៉ូតូរងរបួសធ្ងន់(បាក់ជើងខាងឆ្វេង)និងអ្នករួមដំណើររងរបួសស្រាល ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។

ចំណែកភាគីម៉ូតូម៉ាក HONDA AIRBLACK ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-2807 បើកបរដោយឈ្មោះ យ៉ើ សោហ្វី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិច្រាំងចំរេះ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (របួសធ្ងន់) អ្នករួមដំណើរឈ្មោះ ស្មាន ហ្វីនី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (រងរបួសស្រាល)។

ចំណែកវត្ថុតាងទាំង២ ត្រូវបានសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់បន្តទៀត៕

មតិយោបល់