ព័ត៌មានជាតិ

ស្ងាត់ៗ លោកយោធាដែលយកកាំភ្លើងវាយក្បាលអ្នកលក់ប្រហិតចៀន នៅខណ្ឌសែនសុខ បានចេញពីគុកបាត់

ភ្នំពេញ: យោងតាមប្រភពពីមន្ត្រីពន្ធនាគារ រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះថា លោក យោធា ស័ក្តិ៤កន្លះ ដែលយកកាំភ្លើងខ្លីវាយក្បាល អ្នកលក់ប្រហិតចៀន នៅខណ្ឌសែនសុខ ត្រូវលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅគុកជាបណ្តោះអាសន្នហើយ។

ប្រភពបញ្ជាក់ថា លោកចៅក្រម រស់ ពិសិដ្ឋ បានចេញដីកាបង្គាប់ ឲ្យពន្ធនាគារដោះលែង ជនត្រូវចោទឈ្មោះ នួន ប៉ូ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ យោធាពាក់ស័ក្តិ ៤កន្លះ មានតួនាទីនាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរ មានអត្តលេខ ០៥៩០៥១ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

សូមជម្រាបជូនថា លោកចៅក្រម រស់ ពិសិដ្ឋ បានចេញដីកា បង្គាប់ឲ្យឃុំខ្លួន លោកមន្ត្រីយោធា នួន ប៉ូ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់ លើឈ្មោះ នួន ប៉ូ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តលើជនរងគ្រោះ ឈ្មោះ យ៉ែម វណ្ណ: ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ប្រហិតចៀនតាមរទេះ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទ ប្រកាន់នេះ ជនត្រូវចោទ អាចប្រឈមការជាប់គុក ពី ២ឆ្នាំ ទៅ៥ឆ្នាំ។

គួររំលឹកថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីជនសង្ស័យ យកអាវុធខ្លី ម៉ាក P08 លេខ ៥៨៥៤ វាយក្បាល ជនរងគ្រោះបែក។

មូលហេតុដែលឈានដល់ ការប្រើអំពើហិង្សា នេះផ្តើមចេញពី គ្រោះថ្នាក់ចរាចរណ៍ ដោយសារមិត្តភក្តិរបស់ជនសង្ស័យ បើកបរ រថយន្តម៉ាកកាមរីបាឡែន ក្រោមស្ថានភាពស្រវឹង ទៅបុក រ៉ឺម៉កប្រហិតរបស់ជនរងគ្រោះ ដែលកើតឡើងនៅចំណុចមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បន្ទាប់មក ជនសង្ស័យបានជិះរថយន្តម៉ាកព្រូស មកជួយអន្តរាគមន៍ ក៏ត្រូវជនរងគ្រោះ យកដុំថ្មគប់បែកកញ្ចក់រថយន្ត ទើបឈានដល់ការបង្កហិង្សាលើជនរងគ្រោះតែម្តងទៅ៕

មតិយោបល់