ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បុរសចំណាស់ម្នាក់​រងរបួសធ្ងន់!​

​ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យបុរសចំណាស់ម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ដែលទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរស្តុបបំបែកកប់បស្រូវ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសចំណាស់ម្នាក់វ័យប្រហែលជាង៥០ឆ្នាំបានបើកបរម៉ូតូមួយគ្រឿងម៉ាកវីវ៉ាដែលមានដឹកនំអន្សម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D 5112​ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបម្រុងបន្ថយល្បឿនដើម្បីបកក្រោយវិញ តែមិនទាន់បត់ផុតផងក៏មានម៉ូតូមួយគ្រឿងទៀត ស៊េរី អូតូ ពាក់ស្លាកលេខ ភ្នំពេញ 1​HC 0225 បានធ្វើរដំណើរមកពីក្រោយក្នុងគោលដៅស្របទិសគ្នា វ៉ាក់អើគេចមិនផុតក៏បានបុកយ៉ាងពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់តែម្តង ត្រូវរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ដែលប្រចាំការនៅក្បែរនោះ បានឲ្យតំណាងភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នានៅ​នឹងកន្លែងដើម្បីបញ្ចប់រឿងតែម្តង៕

មតិយោបល់