ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញទឹកក្រូច​សារ៉ាងហេ ហួសកាលបរិច្ឆេទដាក់លក់លើទីផ្សារ!

​មណ្ឌលគិរី: យោងតាមផេកនាយកដ្ឋាន ផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលខេត្ត បានរកឃើញនិងដកហូតទឹកក្រូចម៉ាកសារ៉ាងហេ ចំនួន១៨១កេស ស្មើរ៤,៣៤៤ដប ពីអាជីវករលក់ដូរក្នុងឃុំពូព្រៃ យកមករក្សាទុកនៅមន្ទីរពាណិជ្ជកម្ម ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ប្រតិបត្តិការនេះដឹកនាំដោយលោក ជ័យ សាមឿន អនុប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ និងចំណីអាហារនៅតាមផ្ទះលក់ទំនិញនានា ស្ថិតនៅឃុំពូព្រៃ ស្រុកពេជ្រាដា។

ការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ លើមុខទំនិញដូចជា៖ ត្រីងៀត សរសៃគុយទាវ នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រពាំង ជ្រក់ត្រសក់ សណ្តែកបណ្តុះ ខាត់ណា ស្ពៃក្តោប ត្រសក់។ ជាលទ្ធផល ពុំមានសារធាតុគីមីហាមឃាត់ទាំងអស់នោះទេ ក្រៅពីនេះ ក៏បានធ្វើតេស្តរកសារធាតុគីមីអ៊ីយ៉ូតក្នុងអំបិល ម៉ាកលីលីដា ជាលទ្ធផលមានជាតិអ៊ីយ៉ូតត្រឹមត្រូវ។
បន្ទាប់មកមន្រ្តីជំនាញ បានត្រួតពិនិត្យទំនិញវិចខ្ចប់ស្រាប់នៅតាមផ្ទះលក់ទំនិញនានា ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ជាលទ្ធផលសមត្ថកិច្ចរកឃើញនិងដកហូតទឹកក្រូចម៉ាកសារ៉ាងហេ ចំនួន១៨១កេស ស្មើនឹង៤,៣៤៤ដប យកមករក្សាទុកនៅមន្ទីរពាណិជ្ជកម្ម ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយផងដែរ៕

មតិយោបល់