ព័ត៌មានជាតិ

ជិះម៉ូតូឌុបខ្ទើយដួល ត្រូវខ្ទើយលូកយកទូរសព្ទដៃបាត់!

ភ្នំពេញ: បុរសម្នាក់ស្រវឹងជោកជាំ ជិះម៉ូតូឌុបខ្ទើយពីក្រោយ ហើយក៏បានដួលម៉ូតូដោយខ្លួនឯង រួចក៏ត្រូវខ្ទើយលួចយកទូរសព្ទដៃមួយគ្រឿងរួចរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងស្តុបសេះស ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវណតប្រ៊ីច ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនរងគ្រោះខាងលើស្រវឹងជោកជាំ បានបើកបរម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ឈាមជ្រូក អត់មានស្លាកលេខ និងមានខ្ទើយដែលតែងខ្លួនធ្វើជាស្រីម្នាក់ទៀតជិះពីក្រោយផងដែរ។ ដោយធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីច ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ក៏ស្រាប់តែម៉ូតូខាងលើបានដួលតែម្នាក់ឯងបណ្តាលឲ្យបុរសដែលជាអ្នកបើកបររងរបួសរលាត់ដៃរលាត់ជើង ភ្លាមៗនោះខ្ទើយម្នាក់ដែលរួមដំណើរជាមួយបុរសរងគ្រោះបានងើបមកលូកយកទូរសព្ទដៃមួយគ្រឿងម៉ាក សាំងសុង Galaxy 7 ពីក្នុងហៅប៉ៅខោរបស់ជនរងគ្រោះរួចក៏រត់គេចខ្លួន ហើយជនរងគ្រោះក៏ងើបរត់ដេញតាមពីក្រោយនិងស្រែកឲ្យគេជួយ តែខ្ទើយនោះបានរត់ចូលទៅកន្លែងងងឹតគេចខ្លួនបាត់ទៅហើយ។

នៅក្នុងករណីខាងលើជនរងគ្រោះមិនបានបញ្ជាក់ប្រាប់ថាខ្ទើយខាងលើត្រូវជាអ្វីនឹងរូបគាត់នោះទេ។ បន្ទាប់មកក៏ឃើញមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានចុះមកដល់ចំណុចកើតហេតុ ជូនជនរងគ្រោះត្រឡប់ទៅផ្ទះខ្លួនវិញដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនោះទេ៕

មតិយោបល់