ព័ត៌មានជាតិ

Update៖ បុរសម្នាក់បាត់ខ្លួន២យប់ ស្រាប់តែប្រទះឃើញអណ្តែតទឹកស្លាប់ក្នុងស្រះ

ភ្នំពេញ: បុរសជាកម្មករសំណង់ម្នាក់ បាត់ខ្លួន២យប់ស្រាប់តែប្រទះឃើញស្លាប់អណ្តែតក្នុងទឹកស្រះមួយកន្លែង បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២៥ ខែសីហា ឆ្នាំ២០១៨ នៅក្នុងស្រះទឹកមួយកន្លែង ក្នុងភូមិ ខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សពបុរសជាកម្មករសំណង់ខាងលើឈ្មោះ ជា ហ៊ន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតភូមិព្រៃចា ឃុំសែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដោយមានប្រពន្ធឈ្មោះ អឺន សៀន អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុជាមួយប្តី។ គ្រួសារនេះមានកូន៣នាក់ ប្រុសម្នាក់ ស្រី២ក្នុងបន្ទុក។

ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថានៅ មុនពេលកើតហេតុគឺនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ប្តីរបស់គាត់បានផឹកស្រាបៀរមួយកំប៉ុង ក្រោយមកគាត់បានបាត់ខ្លួនក្រោយមកគាត់ជាប្រពន្ធបានចេញពីផ្ទះតែម្នាក់ឯងទៅរកប្តី តែរកមិនឃើញប្តីឡើយឃើញតែដានជើងប្តីនៅក្បរមាត់ស្រះកើតហេតុ ក៏ត្រឡប់មកហៅគេឲ្យជួយរកតែរកមិនឃើញរហូតដល់ថ្ងៃកើតហេតុវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានការដុតធូបបន់ស្រន់ក៏ប្រទះឃើញសពប្តីនៅក្នុងទឹកស្រះរួចបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច័យតែម្តង។

ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច័យរួចសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់