ព័ត៌មានជាតិ

Update៖ ​ទុស្សេខ្សែភ្លើងជំនាងផ្ទះ ឆេះផ្ទះ៣ខ្នងទាំងស្រុង នៅស្រុកកំពង់សៀម!

​កំពង់ចាម: កាលពីវេលាម៉ោង​១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះ នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក គួច ចម្រើន អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកំពង់សៀម និង កម្លាំងកងរាជអាវុធហត្ថ បានចុះពន្លត់អគ្គិភ័យចំនួន​៣ផ្ទះ
១-ម្ចាស់ផ្ទះឈ្មោះ យន់ ស្រី ភេទស្រី អាយុ៥៣ឆ្នាំ ផ្ទះមានទំហំ៨x១០ មាន២ខ្នង ប្រក់ក្បឿង ជញ្ជាំងក្ដារ សម្ភារ:ខូចខាតមាន ប្រាក់រៀល ចំនួន៥,៧០០,០០០៛(ប្រាំលានចិតសិបម៉ឺនរៀល) ប្រាក់ដុល្លារ ២,៣២០$(ពីរពាន់បីរយម្ភៃដុល្លារ) និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

២-ម្ចាស់ផ្ទះឈ្មោះ យ៉ាន់ សុភាង ភេទប្រុស អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ាង ហុងឡាយ ភេទស្រី អាយុ៣៥ឆ្នាំ ផ្ទះជិតគ្នា ផ្ទះមានទំហំ ៧x១០ មាន២ខ្នង ប្រក់ក្បឿង ជញ្ជាំងក្ដារ សម្ភារ:ខូចខាត មានប្រាក់ដុល្លារ២,០០០$ (ពីរពាន់ដុល្លារ) ប្រាក់រៀល២,០០០,០០០៛(ពីរលានរៀល) ខ្សែកមាស០៥ជី បន្តោងប្លាកទីន០២ជី រថយន្ដបែន១គ្រឿង និងកំព្យូទ័រ០២គ្រឿង សម្ភារ:ក្នុងផ្ទះឆេះទាំងស្រុង។

៣-ម្ចាស់ផ្ទះឈ្មោះ ហ៊ុន តូ អាយុ៥៣ឆ្នាំ ឆេះរោងឡាន ៥x៧ ប្រក់ស័ង្កសី។

មូលហេតុនៃអគ្គិភ័យឆាបឆេះ គឺទុស្សេខ្សែភ្លើងចំណុច ជំនាងផ្ទះ តាមការបំភ្លឺ ពីប្រជាពលរដ្ឋ ឈ្មោះ ណៃ កុសល ភេទប្រុស អាយុ២៤ឆ្នាំ។ ដោយម្ចាស់ផ្ទះឈ្មោះ យ៉ាន់ សុភាង ភេទប្រុស មិននៅផ្ទះ ចំណែកប្រពន្ធឈ្មោះ ហ៊ាង ហុងឡាយ បានបិទទ្វារផ្ទះចាក់សោ​ជូនកូនទៅរៀន។

ក្នុងការពន្លត់នេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន​៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន​១គ្រឿង ហើយប្រើប្រាស់ទឹកអស់ទឹកចំនួន១០រថយន្តទើបរលត់ជាស្ថាពរ
ករណីនេះពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕​

មតិយោបល់