ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ និងថ្នាំ១៥កញ្ចប់ នៅក្នុងភូមិសាស្ត្រស្មុគស្មាញ​!

ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយនិងកម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចុះ​ល្បាតនៅក្នុងមូលដ្ឋាននិងបានឃាត់ខ្លួនយុវជនម្នាក់ ក្នុងចំណោម​បក្ខពួក​ជាច្រើននាក់ ដែល​ពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀន នៅភូមិសាស្ត្រស្មុគស្មាញ ។

ករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវលំ ក្រុមទី២ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

មន្ត្រីសង្កាត់ស្ទឹងមានជ័យ១​ បានរៀបរាប់​ប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ អាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ចេញល្បាតក្នុងភូមិសាស្រ្ត ដើម្បីរក្សាសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានដូចសព្វដង ប៉ុន្តែដែលខណ:កម្លាំងមកដល់ចំណុចក្រុមទី២ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ក៏បានប្រទះមនុស្សមួយក្រុមកំពុងប្រមូលផ្តុំគ្នា លុះឃើញកម្លាំងអាវុធហត្ថ និងក្រុមប្រជាការពារមកដល់ ពួកគេបានរត់លោតចូលទឹកប្រឡាយគេចខ្លួនបាត់អស់ នៅសល់យុវជនម្នាក់ ទើបកម្លាំងធ្វើការឃាត់សួរនាំ និងសុំឆែកឆេរ រកឃើញគ្រឿងញៀន ១៥កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ទើបធ្វើការដកហូតយកធ្វើជាវត្ថុតាង។

ជនសង្ស័យឈ្មោះ សេង អៀមសន់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដើម្បីសួរនាំបន្ត៕

មតិយោបល់