ព័ត៌មានជាតិ

រថយន្តកូរ៉ូឡាមួយគ្រឿង ពន្លះទ្រូងផ្លូវ ខូចខាតរថយន្តយ៉ាងដំណំ!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់​បើករថយន្តកូរ៉ូឡាមួយគ្រឿងបើកបរក្នុងល្បឿនលឿនពេក ជ្រុលចង្កូតទៅបុកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ (មុខមជ្ឈមណ្ឌលព្រីនផ្លាហ្សា) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2J-9259 បើកតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនស្រាប់តែដល់កន្លែងកើតហេតុក៏រេចង្កូតទៅបុកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចផ្នែកខាងមុខស្ទើរតែទាំងស្រុង។ រីឯទ្រូងផ្លូវវិញវៀចអស់២កង់តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសហើយតៃកុងរថយន្តបានប្រមូលអីវ៉ាន់ក្នុងរថយន្តហើយរត់គេចខ្លួនចេញពីកន្លែងកើតហេតុទុកនៅតែរថយន្ត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនិងស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់