Post News Media ព័ត៌មានជាតិ ជនសង្ស័យជួញដូ...

ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ យកកាំបិតកាប់មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯងម្នាក់ ​របួសយ៉ាងដំណំ

ភ្នំពេញ: មន្ត្រីនគរបាល​ប៉ុស្តិ៍​ព្រែក​​ឯងម្នាក់ ​បាន​រងរបួស​ត្រង់កដៃ​ខាងស្តាំ​ម្ខាងយ៉ាងធ្ងន់ធ្ងរ ខណ:ដែលកំពុងជិះម៉ូតូល្បាត នៅក្នុងមូលដ្ឋានជាមួយ និងមន្ត្រីនគរបាលម្នាក់ទៀត ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ ត្រង់ចំណុច​មុខ​ដីឡូត៍​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​របោះ​អង្កាញ់ ក្នុងសង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។

បុរសរងគ្រោះ​មានឈ្មោះ ទឹម ដុង ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជាមន្ត្រីនគរបាល​ប៉ុស្តិ៍​ព្រែក​ឯង មានទីលំនៅ​ក្នុងភូមិ​ចុងព្រែក សង្កាត់ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។ ចំណែកឯជនសង្ស័យ​មានឈ្មោះ សរ មករា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​ដឹក​បន្លែ ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មន្ត្រីនគរបាលរងគ្រោះ និងមន្ត្រីនគរបាលមួយរូបទៀតឈ្មោះ ខាន់ កុម្ភ: បាន​នាំគ្នាធ្វើការដើរល្បាត ​ក្នុង​មូលដ្ឋានដូចសព្វដង លុះមកដល់​ចំណុច​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​ កំពុងតែឈរ​ជិត​ម៉ូតូ​ម៉ាក​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FU-៥៥៤០ មួយគ្រឿង។ ពេលនោះ​ ពួកគាត់ក៏បានហៅធ្វើការសួរនាំ និងត្រួតពិនិត្យ​ទៅលើ​ជនសង្ស័យ​រកឃើញ ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​គ្រឿងញៀន ០១កញ្ចប់​ថង់​តូច អាវុធខ្លី​ជ័រ ១ដើម និងកាំបិតប៉័ងតោ១ កូន​កន្ត្រៃ១ ដែកកេះ០២ ទូរស័ព្ទដៃ ម៉ាក​ណូគារ ០១គ្រឿង និង​ដង្កាប់១ ដែល​ជនសង្ស័យ លាក់ទុក​នៅ ក្នុងការ​បូ​ប​ស្ពាយរបស់គេ។

ភ្លាមនោះ​ ក៏ស្រាប់តែជនសង្ស័យ ​បានយក​កាំបិតប៉័ងតោ​កាប់​ទៅលើមន្ត្រីនគរបាល ត្រូវចំ​កដៃ​ខាងស្តាំ​ចំនួនមួយកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហើយក៏ត្រូវឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

Loading...