Post News Media ព័ត៌មានជាតិ ជនជាតិចិន៣ នា...

ជនជាតិចិន៣ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់​ព័ន្ធ​ករណី​​គ្រឿងញៀន នៅ​ព្រះសីហនុ

ព្រះសីហនុ: សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ បាន​ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនប្រុសស្រីចំនួន ៣នាក់ ដោយករណី​ទី១ នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង១៥ និង២០ នាទី បានឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន២ នាក់ នៅពេល​កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​ឆែក​អាវុធជាតិផ្ទុះ ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យបង្អែក​ខេត្ត ក្នុង​សង្កាត់លេខ៤ ក្រុងព្រះសីហនុ ទី១-ឈ្មោះ YANG REN CHEN ភេទ​ប្រុស អាយុ៣២ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​សណ្ឋាគារ​ខ្សាច់​ស ជា​អ្នកបើកបរ (ពុំមាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន) និង​ទី២-ឈ្មោះ JIANG LIU YAN ភេទ​ស្រី អាយុ២៦ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍​ជា​អ្នករួមដំណើរ កាន់​លិខិតឆ្លងដែន​លេខ G61047083។

វត្ថុតាង​ដកហូត​បាន មាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៤៣កញ្ចប់ ( ១កញ្ចប់​ធំ និង៤២កញ្ចប់​តូច ) បំពង់​សា​រ៉ាង​មាន​ពណ៌​ក្រហម​ចំនួន ១៤ ទូរ​ស័ព្ទចំនួន១ គ្រឿង និងរថយន្ត ១គ្រឿង ម៉ាក LEXUS 330។

ករណី​ទី២ ៖ នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោងជាង៣រសៀល ឃាត់ខ្លួន​ជនជាតិ​ចិន ម្នាក់​ឈ្មោះ CUI YAN FEI ភេទ​ប្រុស អាយុ ៣៣ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EB 5537894 មុខរបរ​អាជីវករ ត្រូវបានឃាត់ខ្លួន​​ នៅពេលជនសង្ស័យ ​បាន​ទៅយក​រថយន្ត​នៅ​ក្លឹប​ខារ៉ាអូខេ ស៊ី​ង​តុ​ហ្វា​ង (ទីតាំង​ដែល​បាន​បង្ក្រាប​ករណី​គ្រឿងញៀន កាលពី​យប់​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ) ស្ថិតនៅ​សង្កាត់៣ ក្រុងព្រះសីហនុ ដោយ​ឆែក​ក្នុង​រថយន្ត​នោះ​រកឃើញ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន៤ កញ្ចប់​តូច កាហ្វេ​ចំនួន ០២ កញ្ចប់​ដែល​សង្ស័យ​ជា​សារធាតុ​ញៀន ជញ្ជីង​ថ្លឹង​ចំនួន១ ថង់​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ៕

Loading...