ព័ត៌មានជាតិ

​​សមត្ថកិច្ចចុះបង្រ្កាប ទីតាំងសិប្បកម្ម​​ផលិតបារីក្លែងម៉ាក ESSE នៅក្រុងតាខ្មៅ!

​កណ្ដាល: ទីតាំងសិប្បកម្ម​​ផលិតបារីក្លែងម៉ាក ESSE ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ត្រូវបាន​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្រ្កាប កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។ នេះបើតាមការឱ្យដឹងពីអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ឡុង ស្រេង។

លោកឧត្តមសេនីយ៍ បានបន្ត​ឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំង​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយលោក​ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចខេត្ដកណ្ដាល និងអាជា្ញធរមូលដ្ឋាន ដោយមាន​ការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាងរងអមសាលាដំបូងខេត្ដកណ្ដាល។

ជុំវិញការចុះឆែកឆេរទីតាំងសិប្បកម្ម​​​ផលិតបារីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ នឹងឆែកឆេរយ៉ាងយកចិត្តទុកដាក់ ហើយ​សមត្ថកិច្ចបានឆែករកឃើញនូវវត្ថុតាងមួយចំនួន និងដកហូតយកទៅធ្វើការស្រាវជ្រាវបន្តទៀត៕

មតិយោបល់