ព័ត៌មានជាតិ

ជួយShareយកបុណ្យផង! នេន១អង្គនិមន្តទៅបិណ្ឌបាត្របាត់៤ថ្ងៃ ម្ដាយភ័យកាន់រូបថតទៅប្ដឹងប៉ូលិស!

ភ្នំពេញ: ស្រ្តីចំណាស់ម្នាក់បានកាន់រូបថតនេនតូច១អង្គ ធ្វើដំណើរទៅកាន់ប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ ដោយគាត់បាននិយាយថា នេនតូចនៅក្នុងរូបថតនោះ គឺជាកូនប្រុសរបស់គាត់ ហើយពេលនេះព្រះអង្គបាននិមន្តទៅបិណ្ឌបាត្រ ហើយក៏ស្រាប់តែបាត់ព្រះកាយ៤ថ្ងៃ កន្លងមកហើយ មិនឃើញត្រឡប់ចូលទៅវត្តវិញឡើយ។

ស្ត្រីជាម្ដាយខាងលើបាននិយាយថាគាត់ឈ្មោះ លឹម គីនលាង អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកនេនដែលបាត់ព្រះកាយនោះព្រះនាម ម៉ូវ សុទី ព្រះជន្ម១៥វស្សា គង់នៅវត្តព្រៃស្ពឺ ស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវជាកូនប្រុសបង្កើតរបស់គាត់។

ប្រភពដដែលបានបន្តទៀតថា កូនរបស់គាត់នេះបានបាត់ព្រះកាយរយ:ពេល៤ថ្ងៃកន្លងមកហើយ គឺតាំងពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែសីហា មកម្ល៉េះដោយពេលនោះព្រះអង្គបានជួលម៉ូតូរ៉ឺម៉កកង់បី១គ្រឿងនិមន្តតែមួយអង្គឯង ចេញពីវត្តព្រៃស្ពឺថាទៅនិមន្តទៅបិណ្ឌបាត្រ។ បន្ទាប់មកក៏ស្រាប់តែបាត់ព្រះកាយរហូតមិនឃើញត្រឡប់មកវិញឡើយ ដោយមិនដឹងថាមានរឿងអ្វីកើតឡើងឡើយ ហើយក្នុងនាមគាត់ជាម្ដាយពិតជាមានអារម្មណ៍អាណិតកូននិងមានការព្រួយបាម្ភខ្លាំងណាស់។ ព្រោះកាលពីប៉ុន្មានថ្ងៃមុនលោកកូនរបស់គាត់មានជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ និងទើបតែចេញពីសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាថ្មីៗផង ម្យ៉ាងព្រះអង្គនៅតូចនិងក្មេងខ្ចីទៀតផង។ដោយសារតាមរកគ្រប់ច្រកល្ហកច្រើនថ្ងៃប៉ុន្តែមិនឃើញទើបពេលនេះគាត់ធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ២ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍ស្រាវជ្រាវតែម្ដង៕

មតិយោបល់