ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូវ៉ាជែងមិនផុត ចូលក្រោមរថយន្តកិនស្លាប់យ៉ាងរន្ធត់!

​សៀមរាប: លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋាននគរបាលស្រុកពួក បានប្រាប់Post News ថា ​កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​បុក​ម៉ូតូ បើកបរក្នុងគោលដៅបញ្រ្ចាសទិសគ្នា នៅលើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២២៨/២២៩ ​ភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស (ប្រភេទឡានស្ទួច) ស៊េរីឆ្នាំ១៩៩៦ ពាក់ស្លាកលេខ សៀមរាប​3A 1146 បើកបរដោយឈ្មោះ ឌិន ដឿន ភេទប្រុស អាយុ​៣៨​ឆ្នាំ (ឃាត់ខ្លួនក្រោយកើតហេតុ)រស់នៅភូមិ ស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត ត្រូវបានបុក ម៉ូតូម៉ាកZoomer X ពណ៌ត្រួយចេក បិតស្កុតពណ៌ស្វាយ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប​1Y 6302 ជិះដោយឈ្មោះ អោ បូរិន ភេទប្រុស អាយុ​២០ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យ​ម៉ូតូរអិលចូលនិងជាប់ក្រោមឡានខាងមុខ ​កិនអ្នកបើកម៉ូតូ​ស្លាប់នៅនឹងកន្លែង​។

​មូលហេតុ អ្នកបើកបរម៉ូតូបើកបរឡើងវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែកើតហេតុធ្វើការវាស់វែង និងដកហូតវត្ថុតាង យកមករក្សា​ទុក​៕

មតិយោបល់