ព័ត៌មានជាតិ

រថយន្តTOYOTA TACOMA ពន្លះម៉ូតូសង់ខ្ទេចយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ស្ទើរក្ស័យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តតាកូម៉ាមួយគ្រឿង បុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងការវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ R6 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក TOYOTA TACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-6515 បើកក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BS-8729 ជិះបញ្រ្ចាស់ទិសគ្នាជាមួយម៉ូតូ HONDA Dreamនោះ បណ្តាលឲ្យម្ចាស់ម៉ូតូដួលបោកក្បាលនៅថ្នល់រងបួសធ្ងន់ហូរឈាមសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ត្រូវបានរថយន្តសាម៉ុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ រីឯរថយន្តបែកកងខាងស្តាំផ្នែកខាងមុខ បានបើករត់គេចពីកន្លែងកើតហេតុបានចម្ងាយប្រហែល៨០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋឃាត់បានភ្លាមនៅនឹងកន្លែង។ រីឯម៉ូតូវិញរងការខូចខាតយ៉ាងដំណំសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្តយកទៅប៉ុស្តិ៍ស្រះចកដើម្បីសួរនាំបន្តទៀត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងវាស់វែងដើម្បីយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងចូលដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់