ព័ត៌មានជាតិ

​Update៖ រថយន្តក្រុមហ៊ុន​Bright បុករះរថយន្ត៤គ្រឿង មាន១គ្រឿងជារថយន្តស្រាបៀរអង្គរ ស្លាប់ជនជាតិចិនម្នាក់ និងមន្ត្រីនគរបាលម្នាក់ទៀតរបួសធ្ងន់

​​ព្រះសីហនុ: កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៥គ្រឿងបុកបន្តគ្នា​ នៅលើវិថីផែ​ផ្លូវបំបែកP៤ កែងរ៉ារថភ្លើង ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រថយន្តបង្ក​ម៉ាក MitSuBishi ពណ៌លឿង ពាក់ស្លាកលេខ 3C-2915 (កម្មសិទ្ធិក្រុមហ៊ុន​Bright) បើកបរដោយឈ្មោះ សេក សាវុធ ភេទប្រុស អាយុ​៣៤ឆ្នាំ មុខរបរ បើកបរ មានទីលំនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ ឈ្មោះ ហ៊ង លីដា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ព្រូឡាន មកដល់ចំណុចកើតហេតុបានបុកបន្តគ្នាជាមួយ រថយន្តម៉ាក AlPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-6886 បើកបរដោយឈ្មោះ គង់ គីមហ៊ុយ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បើកបរ ទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា និងរថយន្តម៉ាក ToYoTa Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-7631 ជាកម្មសិទ្ធិរបស់ឈ្មោះ YANG FAGUI ភេទប្រុស អាយុ ៥៦ឆ្នាំ (ជនជាតិចិន) កាន់លិខិតឆ្លងដែនលេខ5.0267606 ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ(ចតស្ងៀមនៅមុខផ្ទះ)​ និងបុករថយន្តម៉ាក Hyundai ពណស ពាក់ស្លាកលេខ ភ្នំពេញ 3E-3534 បើកបរដោយឈ្មោះ ស៊យ សុឃឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បើកបរ ទីលំនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ(ចតស្ងៀមដាក់ទំនិញមុខផ្ទះ)មានអ្នករួមដំណើរ​ម្នាក់ឈ្មោះ Liang Cheng Kang ភេទប្រុស អាយុ ២៨ឆ្នាំ ​ជនជាតិចិន (ស្លាប់) កាន់លិខិតឆ្លងដែនលេខE07959781 ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។

និងរថយន្តដឹកស្រាបៀរម៉ាក Hyundai ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-9503 បើកបរដោយឈ្មោះ យាន សុងហេង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ បើកបរ ទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ(ទិសដៅស្របគ្នា)។ រួមទាំងម៉ូតូម៉ាក Honda C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D-4069 ជាកម្មសិទ្ធិរបស់ឈ្មោះ ម៉េង សុង ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ នគរបាលចរាចរណ៍ ​កំពុងឈរយាមនៅប៉ុស្តិ៍P៤​ រងរបួសធ្ងន់​បានបញ្ជូនទៅព្យាបាលនៅភ្នំពេញ និង​ឈ្មោះ សេក សាវុធ សម្រាកព្យាបាលនៅគ្លីនិកមិត្តភាព ឃ្លាំងលើ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើ​ការវាស់វែងនិងនាំយកវត្ថុតាង រថយន្ត និងម៉ូតូមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់