ព័ត៌មានជាតិ

រថយន្តព្រុសឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាស្ដា ស្លាកលេខ ភ្នំពេញ 2AQ-9155 ផ្អើលទាំងយប់

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿងឆ្លងផ្លូវលឿនពេក ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូតខាត ទាំងសង្ខាងតែសំណាងល្អ មិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៤ កែងនិងផ្លូវ ១០៧ ចំណុចជិតស្ថានទូតអាឡឺម៉ង់ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-0338 បើកពីត្បូងទៅជើងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាស្តា ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9155 បើកដោយជនជាតិចិនប្រុសស្រី២នាក់ពីលិចទៅកើត ក្នុងល្បឿនលឿនដូចគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តទាំង២គៀបជាប់គ្នា ដោយខាងរថយន្តព្រូសខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ និងរថយន្តម៉ាស្តាខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ បានឲ្យភាគីទាំង២សម្របសម្រួលគ្នា ដោយខាងរថយន្តជនជាតិចិនព្រមសងសំណងជួសជុលឲ្យខាងរថយន្តព្រូសមួយស្អាតឡើងវិញ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕

មតិយោបល់