ព័ត៌មានជាតិ

រថយន្តHiLux-Vigo បើកលឿនដូចហោះកៀរថយន្តព្រុស ជ្រុលទៅបុកបង្គោលភ្លើង ខ្ទេចក្បាលមុខស្ទើរទាំងស្រុង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក HiLux-Vigo មួយគ្រឿងបើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមិត្តភក្តិ បើកក្នុងល្បឿនលឿនដូចហោះ ដល់ផ្លូវបែកជាបួនមិនបង្អន់ ក៏វាក់អឺជាមួយរថយន្តព្រុស កៀររថយន្តព្រុសធ្លាក់កាងមុខ ហើយបន្តទៅបុកបង្គោលភ្លើងវិលរថយន្តមួយជុំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១៤៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិ២ទៅ៣នាក់ បើករថយន្តម៉ាក Toyota HiLux-Vigo ពណ៌ទឹកប្រាក់ មួយគ្រឿងបើកតាមបណ្តោយផ្លូវ១៤៣ ទិសដៅពីជើងមកត្បូង ក្នុងល្បឿលឿនដូចហោះដល់ផ្លូវបែកជាបួនមិនបង្អន់ ក៏វ៉ាក់អឺជាមួយរថយន្តព្រុស ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF-1367 បើកតាមបណ្តោយផ្លូវ៣៦០ ទិសដៅពីកើតទៅលិចបានកៀររថយន្តព្រុសខូចខាតកាងផ្នែកខាងមុខ។ រីឯរថយន្តបង្កនោះក៏ជ្រុលទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តវិលមួយជុំរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុវាស់វែង និងស្ទូចយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់