Post News Media ព័ត៌មានជាតិ ​បុរសម្នាក់ ផ...

​បុរសម្នាក់ ផឹកស្រវឹងបាត់ពីផ្ទះ២ថ្ងៃ ប្រទះឃើញសពអណ្តែងទឹក!

​កណ្តាល: កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ មានករណី​បុរសម្នាក់លង់ទឹក​ស្លាប់ នៅ​មាត់ទន្លេមេគង្គ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កង អូន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ​។ មានប្រពន្ធឈ្មោះ គិត ស្រៀង អាយុ៥១​ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា។

​នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង​​​​៣ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានចេញបាត់ពីផ្ទះមិនដឹងទៅណា​(តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះថា ជនរងគ្រោះជាមនុស្សហូបស្រាជាប្រចាំនិងមានជំងឺផ្នែកផ្លូវចិត្ត)​។ លុះដល់ថ្ងៃកើតហេតុ ទើបក្រុមគ្រួសារបានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតនៅក្នុងទឹកទន្លេមេគង្គចម្ងាយ១៥ម៉ែត្រពីមាត់ច្រាំងហើយបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ​។

បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំ ក្រុមគ្រួសារធ្វើការពិនិត្យសាកសព និងបានបញ្ជាក់ថា ៖ សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។

សន្និដ្ឋាន៖ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ។ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...