ព័ត៌មានជាតិ

សង្ស័យស្រវឹង! បើករថយន្តកាមរីបាឡែន បុកផ្ទះប្រជាពលរដ្ឋទាំងកណ្តាលយប់ បណ្តាលឲ្យបុរស២នាក់របួសធ្ងន់

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត ស្រវឹងស្រាជោកជាំបើករថយន្តកាមរីឆ្លាមមួយគ្រឿងបោះពួយក្នុងល្បឿនលឿន បានរេចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្តាលឲ្យបាក់អស់មួយចំហៀង រថយន្តបង្កខ្ទេចផ្នែកមុខទៅលែងរួច។ ចំណែកអ្នកបើបរនិងអ្នករួមដំណើររងរបួសបែកមុខមាត់ឈាមហូរស្រោចពេញខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងលិចមន្ទីរពេទ្យបញ្ញាសក្តិប្រមាណជា២០០ម៉ែត្រ តាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិក្បាលទំនប់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកាមរីឆ្លាមមួយគ្រឿង ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2K-1492 បើកបរដោយបុរស ម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតទិសដៅពីកើតទៅលិច បោះពួយក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យ បាក់អស់មួយចំហៀង និងទ្វារមួយផ្ទាំង ខូតខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខ ស្ទើរតែទាំងស្រុងព្រមទាំងដាច់ស៊ីម៉ាំងទៅមុខលែងរួច។ រីឯអ្នកបើកបរនិងអ្នករួមដំណើររងបួសបែកមុខបែកមាត់ឈាមហូរស្រោចពេញខ្លួននិងវង្វែងស្មារតីនិយាយលែងដឹងខុសត្រូវ ត្រូវបានរថយន្តសង្គ្រោះគ្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕​

មតិយោបល់