ព័ត៌មានជាតិ

ប៊ីចេងក្លែងក្លាយ ១៧តោនសោះ ដាក់គុកធ្វើអី? លោកចៅក្រម ហម ម៉េងសែ សម្រេចដោះលែងថៅកែទៅផ្ទះបាត់

ភ្នំពេញ: យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន បាននិយាយថា លោក ហម ម៉េងសែ ជាអនុប្រធានតុលាការក្រុងភ្នំពេញ ដែលគេស្គាល់ថា ជាមន្ត្រីធ្លាប់ទទួលវិន័យរហូត អត់ប្រាក់ខែ បានសម្រេចចិត្តដោះលែង ថៅកែប៊ីចេងក្លែងក្លាយ ជិត ២០តោន នៅខណ្ឌឬស្សីកែវ ឲ្យទៅផ្ទះវិញហើយដោយសារតែ វាជាកំហុសតូចតាច។

ការដោះលែង លោកស្រីថៅកែប៊ីចេងក្លែងក្លាយ ឈ្មោះ សុខ វួចលីន ភេទស្រី អាយុ ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣១អា ផ្លូវ៣៣៨ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ត្រូវបានលោកចៅក្រមស៊ើបសួរ ហម ម៉េងសែ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ដោយមានការយល់ព្រមថា មិនប្តឹងឧទ្ធរណ៍របស់លោក ខាំ សុផារី ដែលជាតំណាងអយ្យការ។

មន្ត្រីនគរបាលសេដ្ឋកិច្ច ដែលជាអ្នកហែរហមអមដំណើរលោកស្រី ថៅកែប៊ីចេង ឈ្មោះ សុខ វួចលីន យកមកឲ្យតុលាការដោះលែង បានបង្ហើបថា លោក ស្រី ម៉ាកនី ជាតំណាងអយ្យការបាន បើកការស៊ើបសួរ និងចោទប្រកាន់ លោកស្រីថៅកែ ពាក់ព័ន្ធ បទល្មើស ពាណិជ្ជនាម ​និង​ការ​ប្រកួតប្រជែង​មិន​ស្មោះ​ត្រង់។​

ដំណឹងដែលនៅក្តៅឧណ្ណៗនៅឡើយ គឺ លោកស្រី ម៉ាក នី ព្រះរាជអាជ្ញារង អមសាលាដំបូង បានដោះលែងថៅកែ លក់គ្រឿងសំអាង ក្លែងក្លាយ រាប់តោន ឈ្មោះ អ៊ុច សម្បត្តិ ព្រោះតែរកមិនឃើញកំហុស ក្រោយពីចាប់ថៅកែរូបនេះបានតែមួយចម្អិនកំពិស យកមកសារសងគ្នា ក្រោមការដុតដៃដុតជើងជួយសប្របសម្រួលកម្មវិធីសាសងគ្នានោះ ពីសំណាក់ មន្ត្រីនគរបាលសេដ្ឋកិច្ចធំៗ ដែលខំចុះទៅចាប់ លោកថៅកែ ជាមួយលោក ស្រី ម៉ាកនី។

សូមជម្រាបជូនថា កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន ដោយមានការសម្របសម្រួល របស់លោក ខាំ សុផារី កាលពីព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨
បាន​ចុះបង្ក្រាប​ទីតាំង​ វេចខ្ចប់ ប៊ីចេងក្លែងក្លាយ មួយកន្លែង នៅផ្ទះលេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។​

នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​រកឃើញ​​ប៊ីចេង​ក្លែងក្លាយ និង​ភស្តុតាង​រួមមាន​៖ ប៊ីចេង​បាវ​ស​ចំនួន ៣៥២​បាវ ប៊ីចេង​បាវ​គគីរ​ចំនួន ១២៥​បាវ ប៊ីចេង​រាយ​ម៉ាក ​Win Win ចំនួន ១៤០​បាវ ប៊ីចេង​ច្រក​រួច ​(500g)​ចំនួន ៣២​បាវ ប៊ីចេង​ច្រក​រួច​ម៉ាក​Gold Cup​ចំនួន ៤៧​កេស ប៊ីចេង​រូប​វែក​(250g) ម៉ាស៊ីនដេរ​ម៉ាត់​បាវ​២​គ្រឿង ម៉ាស៊ីន​អ៊ុត​ម៉ាត់​ថង់ ០១​គ្រឿង ម៉ាស៊ីន​រុំខ្សែ និង​កាត់​ខ្សែ​ចំនួន ២​គ្រឿង ជញ្ជីង​ថ្លឹង ២​គ្រឿង បាវ​រូប​វែក ៩៣​បាវ និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួនទៀត​សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧​តោន​៕

មតិយោបល់