ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក បើករថយន្តTUNDRA ពន្លះខឿនសួនចែកទ្រូវផ្លូវ បាក់អស់២កង់ រួចបើករត់ ត្រូវសមត្ថកិច្ចដេញចាប់បានមកវិញ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោគ បើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវ បាក់អស់២កង់ រួចបើករត់មកដល់ខណ្ឌមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ច ដេញចាប់បានមកវិញ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨
ស្ថិតតាមបណ្ដោយផ្លូវណតប្រីត នៅចំណុចមុខខារ៉ាអូខេដឺហ្វឺន ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោគ បើករថយន្តទំនើបមួយគ្រឿងម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-2722​ បានបើកពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវ បាក់អស់២កង់ ហើយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេ ថែមទាំងបានរករឿងក្រុមអ្នកសាព័ត៌មាន ដែលផ្តិតយករូបភាពទៀត និងព្យាយាមបើករត់គេច តែត្រូវបានសមត្ថកិច្ចដេញតាមពីក្រោយ រហូតដល់អគ្គិសនីដីថ្មីខណ្ឌមានជ័យ ទើបឃាត់រថយន្តនិងអ្នកបើកបរបានតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទងជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្ក និងអ្នកបើកបរ ទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់