ព័ត៌មានជាតិ

សាំងយ៉ុង ពន្លះម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតបុរសម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង១ និង៣០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១៧៨-១៧៩ ភូមិត្រពាំងឫស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

រថយន្តបង្កម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-0560(បើកបរពីលិចទៅកើត) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ចំណែកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1F-1404 បើកបរដោយឈ្មោះ យ័ន សោភ័ណ្ឌ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ មិនពាក់ពួកសុវត្ថិភាព) បានបើកបរក្នុងទិសដៅពីកើតទៅលិច ។

ករណីនេះសមត្ថកិច្ច បានឲ្យដឹងថា បង្កឡើងដោយអ្នកបើកបររថយន្តសាំងយ៉ុង បើកបរមិនប្រកាន់ស្តាំ ចូលទៅបុកម៉ូតូ ដែលកំពុងធ្វើដំណើរក្នុងគន្លងផ្លូវផ្ទុយទិសគ្នា។

ក្រោយកើតហេតុវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរងចាំការដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់