Post News Media ព័ត៌មានជាតិ ម៉ូតូធំបោះពួយ...

ម៉ូតូធំបោះពួយយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូសេ១២៥ របួសធ្ងន់ទាំងសងខាង

ភ្នំពេញ: ម៉ូតូធន់ធំបើកយ៉ាងលឿន ជ្រុលទៅបុកម៉ូតូសេ១២៥ កំពុងឆ្លងផ្លូវត្រឡប់ក្រោយ បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាង កាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ម៉ូតូធំ ពណ៌ក្រហម ខ្មៅ គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ រងរបួសទ្រូងធ្ងន់ ចុកអួលណែន។ ចំណែកភាគីម៉ូតូ សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1I-3442 បើកបរដោយយុវជនម្នាក់ ជាសិស្សសាលាកូរ៉េ រងរបួស រយ:ជើងឆ្វេងធ្ងន់ ។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសេ១២៥ ជិះពីលិចទៅកើត ដល់ចំណុចចន្លោះទ្រូវផ្លូវដាច់ បានបត់ឆ្លងផ្លូវបំណងត្រឡប់ក្រោយ ត្រូវបានម៉ូតូធុនធំ បើកពីលិចទៅកើតដែរ ជាមួយនឹងល្បឿនយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពីទទឹងម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូធំ បោកត្រឡប់ជាច្រើនត្រឡប់ អូសផ្លោងជាង១០ម៉ែត្រ ម៉ូតូទាំង២គ្រឿង រងការខូចខាតដូចគ្នា ខណ:ភាគីសងខាងក៏រងរបួសទៀត។

ក្រោយកើតហេតុ ភាគីម៉ូតូសេ១២៥ ត្រូវបានឡានពេទ្យគ្លីនិក រស្មី ហៅ ខឹម រ៉ានី ដឹកយកទៅព្យាបាល ចំណែកភាគីម៉ូតូធំ ត្រូវបានមិត្តភ័ក្រ ដឹកតាមម៉ូតូកង់បី ទៅពេទ្យដោយខ្លួនឯង ។

ករណីគ្រោះថ្នាក់ខាងលើ ផ្តើមចេញពីការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នក្នុងការបើកបរ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកម៉ូតូទាំង២ ទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រងចាំដោះស្រាយពេលក្រោយ៕

Loading...