Post News Media ព័ត៌មានជាតិ បង្ក្រាបមេខ្ល...

បង្ក្រាបមេខ្លោងលក់ថ្នាំញៀនម្នាក់ ដកហូតបានរថយន្ត១គ្រឿង

តាកែវ: នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនម្នាក់ ទៅកាន់សាលាដំបូងខេត្តតាកែវ។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០និង១៥នាទី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានដឹកនាំបញ្ជាផ្ទាល់កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចុះបង្រ្កាបករណីជួញដូរសារធាតុញៀន នៅចំណុចបរិវេណផ្ទះរបស់ឈ្មោះ ប៉ោ នាង ភេទស្រី អាយុ៨០ឆ្នាំ ស្ថិតនៅក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកវរសេនីយ៍ឯក អធិការបានឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះ ឃឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឡេង ចាន់រាត្រី (ហៅអាវិត) ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិម៉ាឡេង ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងដកហូតវត្ថុតាងបានរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ice)ចំនួន២៦ថង់ (០៤ថង់ធំ និង២២ថង់តូច) ដែលមានទម្ងន់៥០៣.៩៩ក្រាម រថយន្ត១គ្រឿង(ម៉ាកTOYOTA TACOMA) ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Z-1616 ប្រដាប់វេចខ្ចប់ថ្នាំមួយចំនួន ឯកសារទិញលក់រថយន្ត និងសៀវភៅកំណត់ហេតុលក់គ្រឿងញៀនមួយក្បាលពណ៌ខ្មៅ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ៕

Loading...