ព័ត៌មានជាតិ

រថយន្តឡិចស៊ីសRX300 ស្លាកលេខភ្នំពេញ 2AR-5176 បុករះម៉ូតូ២គ្រឿងកិនជាប់ក្រោមរថយន្តផ្អើលយ៉ាងខ្លាំងនៅច្រមុះជ្រូកក្បាលថ្នល់

ភ្នំពេញ: រថយន្តស៊េរីទំនើប LEXUS 330 មួយគ្រឿងបានបើកទៅបុកម៉ូតូម៉ាក ZOOMER-X មួយគ្រឿងជាប់ខាងក្រោមទាល់តែហៅ រថយន្តមកស្ទូចទើបយកចេញបាន និងម៉ូតូម៉ាក SIRIUS មួយគ្រឿងទៀតដួលខ្ទាតផងដែរ ខណ:ដែលមានរថយន្តម៉ាក LEXUS RX300 មួយគ្រឿងបើកទៅបុកពីក្រោយ ហើយអ្នកបើកបរភ្ញាក់ជាន់ហ្គែស្ទុះទៅបុករះតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវលេខ២៧១ (ច្រមុះជ្រូកក្បាលថ្នល់) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក LEXUS 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR-5176 មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ក្នុងបំណងឆ្លងផ្លូវលេខ ២៧១ ទៅខាងផ្លូវ ៦០ម៉ែត្រ ក៏ស្រាប់តែមានរថយន្តម៉ាក LEXUS RX300 មួយគ្រឿងមិនចាំស្លាកលេខបើកមកបុកពីក្រោយ។ ភ្លាមនោះ ទំនងជាបុរសជាអ្នកបើកបររថយន្តម៉ា LEXUS 330 ភ្ញាក់ក៏ជាន់ហ្គែបោលទៅបុកម៉ូតូចំនួន ២គ្រឿង ដោយម៉ូតូម៉ាក ZOOMER-Xមួយគ្រឿងជាប់ខាងក្រោម និង ម៉ូតូម៉ាក SIRIUS មួយគ្រឿងទៀតដួលខ្ទាតផងដែរ តែសំណាងល្អមិនបាន បង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ចំណែកឯរថយន្តម៉ាក LEXUS RX300មួយគ្រឿងនោះបើករត់គេចខ្លួន បាត់ស្រមោល។

ក្រោយពេលកើតហេតុភ្លាម កម្លាំងនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅខាងលើ បានហៅរថយន្តស្ទូចមក ស្ទូចយកម៉ូតូម៉ាក ZOOMER-X ពីខាងក្រោមរថយន្តម៉ាក LEXUS 330 មួយគ្រឿងខាងលើ យកទៅដាក់លើចិញ្ចើមផ្លូវ និងធ្វើការដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយភាគីខាងរថយន្ត LEXUS 330 យល់ព្រមចេញសងថ្ងៃខូចខាត ម៉ូតូទាំង ២គ្រឿង៕

មតិយោបល់