ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀននៅផ្ទះសំណាក់៣ដុល្លារ ឃាត់ខ្លួនស្រីស្អាតនិងប្រុសស្អាត១១នាក់

ភ្នំពេញ: កម្លាំងប្រតិបត្តិការ សមត្ថកិច្ចជំនាញ ប៉ុស្តិ៍ អាជ្ញាធរខណ្ឌ សង្កាត់ បើកប្រតិបត្តិការចុះរដ្ឋបាល ធ្វើការត្រួតពិនិត្យ តាមផ្ទះសំណាក់៣ដុល្លារ ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រកឃើញក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀន បានចំនួន១១នាក់ ស្រី៣នាក់ ដែលកំពុងពពាក់ពពូនគ្នា សម្ងំជក់គ្រឿងញៀន ដកហូតបានថ្នាំញៀន និងសម្ភារ: ឧបករណ៍ជក់ មួយចំនួន រួមទាំងដាវសាំម៉ូរ៉ៃផងដែរ ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីមើលឃើញនៅតំបន់ ម្តុំផ្ទះសំណាក់៣ដុល្លារខាងលើ ជាចំណុចស្មុគស្មាញ ច្រើនតែ ក្រុមប្រើប្រាស់ និងជួញដូរចូលទៅជួលនិងធ្វើសកម្មភាព ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងដឹកនាំដោយ លោកវរសេនីយ៍ត្រី មន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ចូលរួមពីលោក កែវ សុភា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងចុះត្រួតពិនិត្យ ផ្ទះសំណាក់ គីម ហេង ឃាត់ខ្លួនបាន ជនសង្ស័យ៩នាក់ ស្រី៣នាក់ ឧបករណ៍ជក់គ្រឿងញៀន ដាវ មួយដើម ថ្នាំញៀន២កញ្ចប់ធំ ហើយបន្តទៅត្រួតពិនិត្យ ផ្ទះសំណាក់ យីហោ ភារុន ឃាត់ខ្លួនបានជនសង្ស័យ២នាក់ បម្ថែមទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីបន្តនីតិវិធី។ ដោយឡែក ម្ចាស់ផ្ទះជួលទាំង២ផ្ទះ បានគេចខ្លួនបាត់អស់ ៕

មតិយោបល់