ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះលើបង្គោលភ្លើងផ្អើលទាំងកណ្តាលថ្ងៃត្រង់ នៅសង្កាត់បឹងត្របែក

ភ្នំពេញ: ហេតុការណ៍ឆ្លងចរន្តអគ្គិសនីមួយបានកើតឡើង ដោយបានបង្កជាអគ្គិភ័យឆេះនៅលើបង្គោលភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងកណ្តាលថ្ងៃត្រង់ ទាល់តែមានរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ទើបធ្វើឲ្យភ្លើងរលត់ផងដែរ។

ហេតុការណ៍នេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ខណ:នៅលើដងផ្លូវកំពុងតែធ្វើដំណើរយ៉ាងច្រើននោះ គេក៏បានឃើញមានភ្លើងឆេះនៅលើបង្គោលភ្លើងមួយដើមខាងលើយ៉ាងខ្លាំង ហើយក៏មានការភ្ញាក់ផ្អើលកើតឡើង ទៅដល់កម្លាំងមានសម្ថកិច្ចមូលដ្ឋានជាច្រើននាក់ចុះមកដល់។ ភ្លាមនោះកម្លាំងមានសមត្ថកិច្ចក៏បានហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមផងដែរ ដោយហេតុការណ៍នេះដែរបង្កឡើងដោយសារតែមានក្រុមអ្នកដើរកាត់ខ្សែកាបមួយក្រុម នាំគ្នាដើរកាត់ដោយខុសបច្ចេកទេស ទើបបង្ករជាអគ្គិភ័យកើតឡើងបែបនេះ។

ក្រោយពេលកើតហេតុ ក្នុងហេតុការណ៍នេះដែរត្រូវបានកម្លាំងមានសមត្ថកិច្ច និង រថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងចុះ មកធ្វើការបាញ់ទឹកពន្លត់ទាន់ពេលវេលា ដោយបានធ្វើឲ្យខ្សែរភ្លើង និង ខ្សែកាបមួយចំនួន ដាច់ធ្លាក់ពាសពេញដីផងដែរ៕

មតិយោបល់