ព័ត៌មានជាតិ

នៅខណ្ឌដង្កោ! ជនសង្ស័យ១ក្រុម ធ្វើសម្មភាពដកដាវគំរាមប្លន់យកម៉ូតូZoomer-X បានសម្រេចដោយសុវត្ថិភាព

ភ្នំពេញ: ជនសង្ស័យ១ក្រុម ជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ ប្រដាប់ដោយដាវបានធ្វើសកម្មភាពធាក់ម៉ូតូឲ្យដួល រួចដកដាវគំរាមកាប់ប្លន់យកម៉ូតូZoomer-X ពីបុរសម្នាក់បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល មិនរំខានដល់សមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ជិតស្ពានបាក់ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ យ៉ាង ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចាក់បទភ្លេងខារ៉ាអូខេជិតកោះពេជ្រ មានស្រុកកំណើតនៅភូមិចារ ឃុំកន្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបតែចេញពីធ្វើការពីចាក់ភ្លេងខារ៉ាអូខេនៅជិតកោះពេជ្រ ដោយជិះម៉ូតូ Zoomer-X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FS-7178 ជិះតាមបណ្ដោយផ្លូវជាតិលេខ២ ពីកើតទៅលិច គោលបំណងត្រឡប់ទៅវិញដូចសពដង ស្រាប់មកដល់ចំណុចកើតហេតុខាងលើលេចមុខជនសង្ស័យ១ក្រុម ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកមានគ្នា៦នាក់ មកពីក្រោយជិះកៀបសងខាង ហើយធ្វើសម្មភាពធាក់ផ្ដួលរួចដកដាវបម្រុងកាប់ ធ្វើឲ្យរូបគាត់ភ័យរត់ចោលម៉ូតូក៏ស្រែកថាចោរៗ រួចរត់យកខ្លួនសិន ដោយឃើញឱកាសល្អជនសង្ស័យទាំងនោះបានលើកម៉ូតូរបស់គាត់ខ្លួនជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចកំពុងសម្ងំដេកលង់លក់។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកកំពឹសឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

សូមបញ្ជាក់ផងដែរក្រោយពីដាក់ពាក្យបណ្ដឹងរួចជនរងគ្រោះក៏បានរៀបចំឡើងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ត្រូវបានអ្នកយកព័ត៌មានធ្វើការសាកសួរ និងថតរូបភាព ស្រាប់លេចមេប៉ុស្តិ៍ម្នាក់ស្លៀកពាក់ស៊ីវិល ទើបតែចេញដេកក្នុងប៉ុស្តិ៍ដើរមកត្រេងត្រាំងមិនបានសួរនាំនោះទេ មកស្រែកជេទៅលើអ្នកសារព័ត៌មានយ៉ាងខ្លាំងៗយ៉ាងចាស់ដៃ តែក្រុមអ្នកព័ត៌មានមិនតបត រួចក៏នាំគ្នាជិះម៉ូតូចេញពីប៉ុស្តិ៍ព្រែកកំពឹសរាងខ្លួន៕

មតិយោបល់