ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តកំពុងបើកឆ្លងផ្លូវបោកក្បាលស្លាប់ភ្លាមៗម្នាក់ និង២នាក់ទៀតរបួស

ភ្នំពេញ: បុរសម្នាក់បានបោកក្បាលបាក់កស្លាប់យ៉ាងអាណោចអធម័បន្ទាប់ពីបើកម៉ូតូឌ្រីមសង់ក្នុងល្បឿន ជ្រុលទៅបុករថយន្តកាមរីបាឡែន បើកដោយបុរសម្នាក់រួមដំណើរនិងកូនស្រីតូចម្នាក់កំពុងបត់ឆ្លងផ្លូវ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចសាលាបឋមសិក្សាព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមាន ឈ្មោះសុខ ស៊ីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករបូមខ្សាច់គីឡូម៉ែត្រលេខ៩ មានស្រុកកំណើត ភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AY-7484 បើកបរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:មកដល់កន្លែងកើតក៏មានរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2S-1795 បើកបរពីត្បូងទៅជើងរួចក៏បត់ឆ្លងផ្លូវ បណ្តាលឲ្យម៉ូតូជនរងគ្រោះខាងលើបុកចំទ្វារមុខខាងស្តាំពេញទំហឹងបណ្ដាលឲ្យបុរសអ្នកឌុបបោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុវាស់វែងនិងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់