ព័ត៌មានជាតិ

ហុងដា ពន្លះរថយន្តឈប់ចតពីក្រោយពេញទំហឹង របួសធ្ងន់ស្រាល ៣នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ៣នាក់ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងមុខសាលា Westland ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ម៉ូតូបង្កម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1X-5575 (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់) បើកបរដោយឈ្មោះ វ៉ន ពេជ្រ ភេទប្រុសអាយុ ២២ឆ្នាំ នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះ របស់ស្នងការដ្ឋានខេត្តកណ្ដាល ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជម្នះ និងអ្នករួមដំណើរពីក្រោយ២នាក់ទៀត ទី១.ឈ្មោះ ខាត់ វីហ្សែល អាយុ២៤ឆ្នាំ នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងទី២.ឈ្មោះ អ៊ុង រតនា អាយុ២២ឆ្នាំ នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល រងរបួសស្រាល ទៅមន្ទីរពេទ្យដោយខ្លួនឯង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូបានធ្វើដំណើរពីជើងទៅត្បូង ក៏បានបុកជាមួយរថយន្តមួយគ្រឿង ដែលឈប់នៅស្ងៀមពីក្រោយ ម៉ាកTOYOTA PRIUS ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AV-0859 ម្ចាស់​រថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ រថយន្តឈប់ក្នុងទិសដៅពីជើងទៅត្បូង។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ ដើម្បី​ចាត់ការ​តាមនិតិវិធី។ ករណីនេះ កើតទ្បើងដោយសារអ្នកបើកបរ​ម៉ូតូ បើកក្នុងល្បឿនលឿន ខ្វះកាប្រុងប្រយ័ត្ន៕

មតិយោបល់