ព័ត៌មានជាតិ

ធ្វើសកម្មភាពឆក់រួច ប្រុងគេចខ្លួន តែមិនសម្រេច ត្រូវម្ចាស់ជិះម៉ូតូដេញបំបុក មានអីដេកប៉ុស្តិ៍ស្អាត

ភ្នំពេញ: នៅវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ បានសហការជា មួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសលួចជាក់ស្ដែង (ឆក់កាបូបស្ពាយ) នៅចំណុច លើផ្លូវលេខ២៥៣ កែងផ្លូវលេខ១៥៦ ក្រុមទី៤ ភូមិ២ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២៖ ទី១-ឈ្មោះ រុំ រដ្ឋា ហៅ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងក្រឡឹង ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក (ជាអ្នកបើកម៉ូតូ) និងទី២-ឈ្មោះ ម៉េង ឌី ហៅ ឌី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់ដេរខោអាវម៉ូត ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ(ជាអ្នកឆក់) ។

វត្ថុតាងដកហូតបានរួមមាន៖
-កាបូបស្ពាយពណ៌លឿងចំនួន០១ ក្នុងនោះមានទូរស័ព្ទដៃមួយគ្រឿងម៉ាក I phone 6 plus ពណ៌ខ្មៅ ប្រើស៊ីម និងលុយខ្មែរចំនួន ៦០,០០០៛ (ប្រាំមួយម៊ឺនរៀល ) (ជារបស់ជនរងគ្រោះ ដែលជនសង្ស័យឆក់)
-ម៉ូតូមួយគ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-3023 (ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាពឆក់) ។

ជនរងគ្រោះឈ្មោះ ផាន សៀងហេង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២E1 វិទ្យាល័យជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៩AEO ផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ២២ និង២៥នាទី ជនរងគ្រោះ និងសង្សារឈ្មោះកែវ វិចិត្រសេនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក YAMAHA 125 XTZ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GB-1348 ចេញពីផ្ទះក្នុងគោលបំណង ជិះដើរលេង ដោយឈ្មោះ កែវ វិចិត្រសេនា ជាសង្សារជាអ្នកឌុប ចំណែកឈ្មោះ ផាន សៀងហេង ជនរងគ្រោះជាអ្នកជិះពីខាងក្រោយមានស្ពាយ កាបូបចំហៀងពណ៌លឿង លុះពេលជនរងគ្រោះជិះមកដល់ ចំណុចកើតហេតុ ស្រាបតែមានជនសង្ស័យចំនួន២នាក់ ជិះមកពីខាងក្រោយខាងឆ្វេងដៃរបស់ជនរងគ្រោះ នៅពេលនោះសង្ស័យឈ្មោះ រុំ រដ្ឋា ហៅ រ័ត្ន បានជិះទៅអែបខាងឆ្វេងដៃជនរងគ្រោះ រួចហើយជនសង្ស័យឈ្មោះ ម៉េង ឌី បានធ្វើសកម្មភាព ឆក់កាបូបស្ពាយ របស់ជនរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ តាមបណ្ដោយផ្លូវ២៥៣ ពីជើងទៅត្បូង ភ្លាមនោះជនរងគ្រោះ និងសង្សារបានស្រែកថា ចោរៗ រួចជិះម៉ូតូដេញតាមពីក្រោយ លុះពេលជនរងគ្រោះ និងសង្សារខ្លួន បានជិះម៉ូតូមកដល់ចំណុចលើផ្លូវលេខ១៥៦ កែង២៥៣ ក្រុមទី៤ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ជនរងគ្រោះ ក៏បានជិះម៉ូតូបំបុកម៉ូតូជនសង្ស័យទាំពីរ បណ្ដាលឲ្យដួលម៉ូតូទៅលើផ្លូវ ក៏ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ដែលល្បាតការ ពារសុវត្ថិភាពក្នុងមូលដ្ឋាន ធ្វើការអន្តរាគមន៍ ឃាត់ខ្លួនជនបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំងពីរ រួមនឹងវត្ថុតាង ត្រូវបាបបញ្ជួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់ ។ រី​ឯសម្ភារជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់