ព័ត៌មានជាតិ

លួចម៉ូតូបានសម្រេចជិះគេចមិនរួច ម្ចាស់ឃើញស្រែក​ពលរដ្ឋជួយចេញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋពេញភូមិជួយដេញចាប់បានស្វាគមន៍ មួយដៃ មួយជើង ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ ហុងដា គុបជ្រុង បានសម្រេចជិះចេញទៅមិនផុត តាមទាន់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅមុខហាង ភីហ្សា ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​។

ជនសង្ស័យឈ្មោះ ណែម កែវសុវណ្ណ ហៅ ទេព អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ប្រើប្រាស់គ្រឿងញៀងផងដែរ មានស្រុកកំណើត ស្រុកបាទី ខេត្តតាកែវ ។ ចំណែកជនរងគ្រោះឈ្មោះ សេង សុភឿន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើត ភូមិលាយបូ ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ដើរកាត់ក្នុងភូមិ៣ទៅ៤ត្រឡប់ហើយ ស្រាប់តែនៅវេលាម៉ោងខាងលើ មិនបានចាប់អារម្មណ៍ ស្រាប់តែជនសង្ស័យយកកូនសោទៅចាក់ ម៉ូតូ ហុងដា គុបជ្រុង សេ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-1842 ពីមុខផ្ទះអ្នកលក់ដូរ ជិះចេញមក ត្រូវបានស្រ្តីម្នាក់ជាម្ចាស់ក្រឡេកឃើញទាន់ ស្រែកផ្អើលអ្នកភូមិ នាំគ្នាជួយដេញតាមចាប់បាន នៅផ្លូវសហព័ន្ធរុស្ស៊ី មុខហាងភីហ្សា ស្វាគមន៍ មួយដៃ មួយជើង ឆ្អល់ខ្លួន រួចប្រគល់ជូនទៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ នាំទៅសាកសួរ ។

តាមស្រ្តីជនរងគ្រោះបានឲ្យដឹងថា ខណ:ដែល ម៉ូតូចតទុកមុខផ្ទះ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យ កាន់កូនសោ ផ្សេងមកចាក់ជិះចេញ ភ្លាមៗ ស្រែកផ្អើលអ្នកជិតខាងជួយដេញតាម ស្របពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដឹកនាំដោយលោក ថេង កុសល មេប៉ុស្តិ៍កំពុងល្បាតក្បែរនោះស្រាប់ និងពលរដ្ឋចាប់បានភ្លាមៗ ។​

ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី ៕

មតិយោបល់