ព័ត៌មានជាតិ

ប្រជាពលរដ្ឋសូមណូមពរដល់លោក អភិបាលស្រុកវាលវែង មេត្តាជួយពិនិត្យមើលផ្លូវទាំងនេះផង កំពុងតែពិបាកខ្លាំងណាស់!

ពោធិ៍សាត់: បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលធ្វើដំណើរតាមដងផ្លូវចំណុចពីឃុំអូរសោម ឆ្ពោះទៅកាន់ស្ទឹងតាចាន់ ដែលមានចម្ងាយប្រមាណ៨គីឡូម៉ែត្រ បាននឹងកំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារតែស្ថានភាពផ្លូវមួយនេះ ខូចខាតស្ទើរទាំងស្រុងដោយសារតែរដូវវស្សា ជាហេតុធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ ជាពិសេសគឺពិបាកក្នុងការដឹកយក កសិកផល យកទៅលក់នៅលើទីផ្សារខ្លាំងណាស់។

មិនតែប៉ុណ្ណោះ បើក្រឡែកមកមើលផ្លូវមួយខ្សែទៀត ចាប់ពីចំណុចឃុំអូរសោម ឆ្ពោះទៅកាន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏បាននិងកំពុងស្ថិតក្នុងសភាពទ្រុឌទ្រោមពិបាកខ្លាំងក្នុងការធ្វើដំណើរដូចគ្នា ដោយមានភក់ទឹកដក់ជ្រៅៗ រអិល គាំងស្អិតជាប់ម៉ូតូនិងរថយន្ត ស្ទើរតែមិនអាចទៅមុខរួច ជាក់ស្តែងដូចក្នុងរូបភាពដែលបានបង្ហាញ។


ដូច្នេះពួកគាត់ជាប្រជាពលរដ្ឋ បានសូមណូមពរដល់លោក អភិបាលស្រុកវាលវែង សូមមេត្តាជួយពិនិត្យមើលផ្លូវទាំងនេះផង ដើម្បីឲ្យពួកគាត់ងាយស្រួលធ្វើដំណើរទៅមក ក៏ដូចជាងាយស្រួលក្នុងការដឹកជញ្ជូនកសិកផលដំណាំរបស់ពួកគាត់យកទៅលក់នៅលើទីផ្សារ បើមិនដូច្នេះទេប្រជាពលរដ្ឋប្រាកដជាពិបាកកាន់តែខ្លាំងឡើង ព្រោះតែជីវភាពរបស់ពួកគាត់ពឹងផ្អែកទៅលើដំណាំកសិកផលស្ទើរទាំងស្រុង៕

មតិយោបល់