ព័ត៌មានជាតិ

ចោរស្ទាវស្ទើរភ្លើង ឆក់កាបូបគេមិនបាន ភ្លាត់ស្នៀតដួលជាប់ខ្នោះរបស់ប៉ូលិស

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះកំពុងជិះម៉ូតូ២នាក់ប្តីប្រពន្ធមិនបានសម្រេច ដួលទាំងជនរងគ្រោះ និងជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលចាប់មកសាកសួរនៅប៉ុស្តិ៍តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦២R កែងផ្លូវ២០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះជាប្តីឈ្មោះ យ៉េន​ យ័ន្ត អាយុ៤៣ឆ្នាំ មុខរបរលក់ត្រី និងប្រពន្ធឈ្មោះ គ្រី​ចាន់នី ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ជិះម៉ូតូ២នាក់ប្តីប្រពន្ធដោយប្រពន្ធក្រវ៉ាត់កាបូបនៅចង្កេះប្តីជាអ្នកឌុប។

ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ សុំ​ សេងវណ្ឌី អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រួមទាំងបក្ខពួកម្នាក់ទៀតជាអ្នកឌុបអ្នកទាំង២ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HC-5098 ស៊េរីឆ្នាំ២០១៨។ ជនសង្ស័យម្នាក់ទៀតជិះម៉ូតូម៉ាកប៊ីត ពណ៌ក្រហម តែម្នាក់ឯង។

តាមប្រភពព័ត៌មានពីបុរសរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូឌុបប្រពន្ធគាត់ដោយប្រពន្ធគាត់ក្រវ៉ាត់កាបូបលុយជាប់ចង្កេះដែលកាបូបនោះមានលុយខ្មែរ៨០០,០០០រៀល និងលុយដុល្លារ២០ដុល្លារ ជិះម៉ូតូតាមបណ្តោយផ្លូវ៦២R ទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ជនសង្ស័យខាងលើបានឆក់កាបូបពីប្រពន្ធគាត់តែមិនបានសម្រចបណ្តាលឲ្យគាត់ដួលម៉ូតូភ្លាមៗនោះជនសង្ស័យក៏ដួលម៉ូតូដែរហើយត្រូវបានប្រជាពលរដ្ឋជួយចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១តែម្តង។

នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ជនសង្ស័យបានសារភាពថា ពួកខ្លួនមានគ្នាចំនួន៣នាក់ ខ្លួននិងជនសង្ស័យម្នាក់ទៀតជិះម៉ូតូខាងលើដោយបក្ខពួកខ្លួនជាអ្នកឌុបនិងធ្វើសកម្មភាព ខ្លួនអ្នកជិះពីក្រោយ ចំណែកម្នាក់ទៀតជិះម៉ូតូម៉ាកប៊ីត ពណ៌ក្រហម តែម្នាក់ឯងនៅខាងក្រោយ។

ប្រភពដដែលបន្តថា ខណ:ពេលដួលម៉ូតូអ្នកឌុបរត់គេចខ្លួនបាត់។ ចំណែកឯអ្នកជិះម៉ូតូប៊ីតពីក្រោយក៏ជិះគេចខ្លួនបាត់ដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើកំ​ពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តច្បាប់៕

មតិយោបល់